We TV Cambodia

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូង កើនដល់ $970 លានដុល្លារ

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េខាងត្បូង កើនដល់ $970 លានដុល្លារ
រូបថតៈ Facebook ក្រសួងពាណិជ្ជកម្ម

ដោយៈ ទិន សុខាវុធ

ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និងកូរ៉េ​ខាង​ត្បូង​បាន​​កើន​ដល់ $970 លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ នៅ​លើ​ទំព័រ​ Facebook របស់​ក្រសួង កាល​ពី​សប្តាហ៍​មុន នៅ​ក្នុង​ពិធី​ប្រារព្វ​ទិវា​​បុណ្យ​ជាតិ​​របស់​សាធារដ្ឋ​កូរ៉េ កាល​ពី​ដើ​ម​ខែ​នេះ ឯក​ឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើងថា ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និងសាធារណរដ្ឋកូរ៉េ បាន​កើន​ពី​ប្រមាណ $600 លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ ២០១៧ ដល់​ជាង $700 លានដុល្លារ​ក្នុង​ឆ្នាំ ២០១៨ និង​ប្រហែល​ជា $450 លាន​ដុល្លារ​នៅ​ឆមាស​ទី ១ នៃ​ឆ្នាំ ២០១៩ ។

លោក​រដ្ឋ​មន្ត្រី​បាន​បន្ថែម​ទៀត​ថា កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ ស្តែង​ចេញ​តាម​រយៈ​ការរួម​​សហការ​ក្នុង​វិស័យ​បច្ចេកវិទ្យា បច្ចេក​ទេស​ផលិត​ម្ហូបអាហារ​​ ការបណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍជនបទ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍​។

អាស្រ័យ​ហេតុ​នេះ ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ប្រទេស​ទី ២ ដែល​បាន​និង​កំពុង​​បោះទុនវិនិយោគ​​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​៕

Related Articles