
ដោយៈ ទិន សុខាវុធ
រយៈពេល ៥ ខែដើមឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងជប៉ុន បានកើនដល់ជាង $2 ពាន់លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះផ្សាយនៅទំព័រ Facebook របស់ក្រសួង កាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ការកើនឡើងនៃទំហំពាណិជ្ជកម្មនេះ បានកើតឡើងក្រោយពីមានការភ្ជាប់ការហោះហើរត្រង់រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន។
លើសពីនេះទៀត ក្រសួងបានបន្ថែមទៀតថា ការភ្ជាប់ការហោះហើរត្រង់នេះរវាងប្រទេសទាំងពីរ មិនត្រឹមតែបង្កើននូវទំហំពាណិជ្ជកម្មតែប៉ុណ្ណោះទេ វាក៏ជាកត្តាជួយជំរុញអោយមានការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរផងដែរ។
«ឯកឧត្តមឧបនាយករដ្ឋមន្ត្រី [ប្រាក់ សុខុន] បានកត់សំគាល់ដោយពេញចិត្ត នូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងរយពេល ៥ ខែ ដើមឆ្នាំ ២០១៩ នេះ មានទំហំរហូតដល់ជាងពីរប៊ីលានដុល្លារអាមេរិក ជាពិសេសក្រោយពីមានការភ្ជាប់ការហោះហើរត្រង់ ដែលមិនត្រឹមតែបានជំរុញការផ្លាស់ប្តូរប្រជាជននឹងប្រជាជនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម និង វិនិយោគផងដែរ» នេះជាការលើកឡើងរបស់ក្រសួងនៅក្នុងសេចក្តីប្រកាសព័ត៌មាន។
ជាការឆ្លើយតប ឯកអគ្គរាជទូតជប៉ុន MIKAMI Masahiro ប្រចាំនៅកម្ពុជា ដែលទើបមកដល់ថ្មី បានមានប្រសាសន៍ថា រាល់លើកដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចនៅប្រទេសជប៉ុន លោកនាយករដ្ឋមន្ត្រីតែងតែពន្យល់ប្រាប់ធុរជនជប៉ុន ពីភាពអនុគ្រោះក្នុងការវិនិយោគនៅកម្ពុជា ដែលជាប្រការធ្វើអោយវិនិយោគិនជប៉ុនបានសំរេចចិត្តមកដាក់ទុនវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង ៗ។
មួយវិញទៀត លោក MIKAMI Masahiro ក៏បានគូសបញ្ជាក់ផងដែរពីកំណើននៃពលរដ្ឋកម្ពុជាចូលទៅប្រទេសជប៉ុនជារៀងរាល់ឆ្នាំ ក្នុងនាមជាពលករឬជាអ្នកជំនួញ។ ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូតជប៉ុនក៏បានថ្លែងអំណរគុណផងដែរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងគាំទ្រគំនិតផ្តួចផ្តើម «Free and Open Indo-pacific» របស់ប្រទេសជប៉ុន ក៏ដូចជាគោលនយោបាយការបរទេសផ្សេងៗទៀតរបស់ប្រទេសជប៉ុននៅលើឆាកអន្តរជាតិ៕
