
ដោយៈ ទិន សុខាវុធ
ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងខេត្តក្វាងស៊ី ដែលជាខេត្តមួយនៅក្នុងប្រទេសចិន មានចំនួន $45 លានដុល្លារនៅក្នុងឆ្នាំ ២០១៨ ។ ទំហំពាណិជ្ជកម្មនេះអាចកើនឡើងដល់ $80 លានដុល្លារក្នុងឆ្នាំ ២០១៩ នេះ។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅលើទំព័រ Facebook របស់ក្រសួងកាលពីថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅ កំណើននៃទំហំពាណិជ្ជកម្មនេះ បណ្តាលមកពីការរួមសហការយ៉ាងជិតស្និទ្ធិរវាងកម្ពុជានិងខេត្តក្វាងស៊ី ប្រកបដោយការទុកចិត្តគ្នាទៅវិញទៅមក និងក្នុងមិត្តភាពយ៉ាងរឹងមាំ។
មួយវិញទៀត នៅក្នុងវេទិកាជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ ក្រោមប្រធានបទ «កម្ពុជាកសាងទិសដៅថ្មី ដើម្បីទាក់ទាញធុរជន វិនិយោគិន និងអ្នកទេសចរ ពីប្រទេសចិន» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅទីក្រុងណានីង ខេត្តក្វាងស៊ី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានផ្សព្វផ្សាយពី កាលានុវត្តភាព សក្តានុពលវិនិយោគ និង វឌ្ឋនភាពនៃកំណើនសេដ្ឋកិច្ចជាតិ អោយដល់សហគមន៍ធុរកិច្ចខេត្តក្វាងស៊ី។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវ ដល់ធុរជន វិនិយោគិន និងអ្នកទេសចរណ៍ នៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសនៅខេត្តក្វាងស៊ី អោយអញ្ជើញមកទស្សនកិច្ច និងធ្វើការវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាអោយបានកាន់តែច្រើនកាន់តែល្អ។
«នៅក្នុងឱកាសនោះ ឯកឧត្តម ឈួន ដារ៉ា បានលើកឡើងអំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ» នេះជាសំណេររបស់ក្រសួងពាណិជ្ជកម្មនៅក្នុងសេចក្តីប្រកាសព័ត៌មាន៕
