
ដោយៈ ទិន សុខាវុធ
ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា បានកើនដល់ចំនួន $6,494 លានដុល្លារក្នុងរយពេល ៩ ខែ ដើមឆ្នាំនេះ គឺកើនឡើងប្រមាណជា ៣៤.៧៣ ភាគរយ បើធៀបទៅនឹងរយពេលដូចគ្នានេះ កាលពីឆ្នាំមុន។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ចេញផ្សាយកាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានគំរោងសាងសង់សរុបចំនូន ៣៤៣៣ គំរោងត្រូវបានចុះបញ្ជីជាមួយនឹងក្រសួង។
ក្រសួងបានបន្ថែមទៀតថា ទុនវិនិយោគសំរាប់គំរោងសំណង់ទាំងនោះ សរុបចំនួន $៦,៤៩៤, ៣៧២,៣៧១ ដុល្លារ នឹងត្រូវសាងសង់នៅលើផ្ទៃដីសរុបចំនួន ១៣,០០០,៦៥៣ ម៉ែត្រការ៉េ។ ពោលគឺកើនលើសពីឆ្នាំមុនចំនួន ៣៤.៧៣ ភាគរយ ដែលនៅពេលនោះ គំរោងសាងសង់មានចំនួនត្រឹមតែ ២៥៤១ គំរោង សរុបទុនវិនិយោគ ៤៨២០,២០៨,៨៤៦ ដុល្លារ ត្រូវសាងសង់នៅលើផ្ទៃដីសរុប ១០,៧៩០,៥៩៧ ម៉ែត្រការ៉េ។
របាយការណ៍របស់ក្រសួង ក៏បានគូសបញ្ជាក់ផងដែរថា ដោយឡែក គំរោងសាងសង់នៅក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី-ខេត្ត មានចំនួន ១៥៩ គំរោង ត្រូវសង់នៅលើផ្ទៃក្រឡាសរុបចំនួន ២ ១៨២ ២៣៤ ម៉ែត្រការ៉េ សរុបទុនវិនិយោគចំនួន ៧៤២ ០៥៧ ៨០៦ ដុល្លារ។
មូយវិញទៀត យោងតាមរបាយការណ៍របស់ក្រសួង បើគិតចាប់ពីឆ្នាំ ២០០០ ដល់ខែ កញ្ញា ឆ្នាំ ២០១៩ ក្រសួងបានចេញលិខិតសាងសង់សំរាប់គំរោងសាងសង់សរុបចំនួន ៤៦ ៩៩១ គំរោង នៅលើផ្ទៃដីសរុបចំនូន ១២៦,៤០៣,៣៣៩ ម៉ែត្រការ៉េ ស្ថិតក្នុងតំលៃទុនវិនិយោគចំនួន ៤៨១៧៥ លានដុល្លារ៕
