
សណ្ឋាគារក្នុងរាជធានីភ្នំពេញ និងខេត្តដែលមានសក្តានុពលទេសចរណ៍មួយចំនួនបានបិទទ្វារប្រមាណជា ៩០%ហើយគិតមកទល់ពេលនេះ ទោះបីស្ថានភាពជំងឺ COVID-19 ក្នុងប្រទេសកម្ពុជាហាក់មានភាពធូរស្រាលខ្លះក៏ដោយ។
បើយោងតាម លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានឲ្យដឹងថា ទោះបីជាស្ថានភាពជំងឺ COVID-19 ក្នុងប្រទេសកម្ពុជានៅពេលនេះមានភាពធូរស្រាលទៅវិញក្ដី ប៉ុន្តែការប្រកបអាជីវកម្ម ជាពិសេសគឺភោជនីយដ្ឋាន និងសណ្ឋាគារនៅតែបិទជាបន្តបន្ទាប់។

លោកបន្តថា ខេត្តដែលមានការបិទសណ្ឋាគារច្រើនជាងគេគឺ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញជាដើម ដោយសារតែគ្មានភ្ញៀវមកស្នាក់នៅ ហើយបើទោះជាមាន ក៏មានត្រឹមតែ ១បន្ទប់ ទៅ ២បន្ទប់ប៉ុណ្ណោះ។ ប៉ុន្តែ បើយើងក្រឡេកទៅមើលខេត្តមួយចំនួនដែលមានភ្ញៀវទេសចរណ៍ក្នុងស្រុក ជាពិសេសអ្នកនៅភ្នំពេញទៅលេងដូចជា ខេត្តកំពត ខេត្តកែបជាដើមគឺ សណ្ឋាគារ និងផ្ទះសំណាក់ហាក់មានភាពល្អប្រសើរឡើងវិញហើយ។

ទោះបីជាយ៉ាងណា សណ្ឋាគារ និងផ្ទះសំណាក់ខ្លះបានកាត់បន្ថយ ឬព្យួរបុគ្គលិកបណ្ដោះអាសន្នសិន ដើម្បីសម្រួលការចំណាយ ប៉ុន្តែវាជួយបានតែបន្តិចបន្តួចប៉ុណ្ណោះ ព្រោះការចំណាយធំគឺការជួលអគារ និងទីតាំងសម្រាប់ដំណើរការអាជីវកម្ម ដែលម្ចាស់អគារមិនព្រមបញ្ចុះតម្លៃសោះ ជាហេតុធ្វើឲ្យម្ចាស់សណ្ឋាគារខ្លះត្រូវបង្ខំចិត្តបិទទ្វារចោលតែម្ដង។

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីមានការរីករាលដាលជំងឺ COVID-19 ក្នុងប្រទេសកម្ពុជាមក សណ្ឋាគារជាច្រើនបានបិទទ្វារបន្តកន្ទុយគ្នា ដោយសារតែគ្មានភ្ញៀវមកស្នាក់នៅ ជាហេតុធ្វើឲ្យគ្មានចំណូលដើម្បីទប់ទល់នឹងការចំណាយទៅមុខទៀតបាន។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
