We TV Cambodia

ទោះជួបកូវីដមែនពិត តែចំណូលពន្ធដារនៅតែកើនឡើងរហូតដល់ជាង ២ពាន់លានដុល្លារ

ទោះជួបកូវីដមែនពិត តែចំណូលពន្ធដារនៅតែកើនឡើងរហូតដល់ជាង ២ពាន់លានដុល្លារ

ត្រឹមរយៈពេល ៩ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារអាចប្រមូលពន្ធបានជាង ២ពាន់លានដុល្លារ ដែលមានការកើនឡើង៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីឆ្នាំនេះមានវិបត្តិកូវីដ១៩ ក៏ដោយ។

យោងតាមសេចក្ដីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០នេះ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានប្រមូលបានមានចំនួន ៩ ០១៥,០៨ប៊ីលានរៀល ស្មើនឹង ២ ២២៥,៩៥លានដុល្លារអាមេរិក ដែលចំនួននេះស្មើនឹង ៧៨,១០% នៃផែនការប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធដារ។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺមានការកើនឡើង ៨០,៣១លានដុល្លារ ស្មើនឹង ៣,៧១%។

ផ្ទុយទៅវិញ ស្ថិតក្នុងកំលុងវិបត្តិកូវីដ១៩ បែបនេះ ប្រជាពលរដ្ឋភាគច្រើនបានបាត់បង់ចំណូល និងរកស៊ីខាតទៀតផង ដោយសារតែការនាំចេញផលិតផលមានការលំបាក និងការបាត់បង់ភ្ញៀវទេសចរន៍ជាដើម ដែលធ្វើឲ្យពួកគេបានជួបនូវបញ្ហាសេដ្ឋកិច្ចជាខ្លាំង។ មិនតែប៉ុណ្ណោះ គ្រោះទឹកជំនន់កំពុងតែវាយប្រហារផ្ទះសម្បែង និងស្រែចំការរបស់ពលរដ្ឋខ្ទេចខ្ទីអស់ផងដែរ ធ្វើឲ្យពួកគាត់ជួបទុកផ្ទួនៗក្នុងពេលតែមួយ និងសង្ឃឹមមានការជួយពីរដ្ឋាភិបាលផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២០នេះ អគ្គនាយដ្ឋានពន្ធដារ មាន​កាតព្វកិច្ច​ក្នុងការប្រមូលចំណូលពន្ធឲ្យបាន​គ្រប់តាម​ផែនដែលមានចំនួន​ប្រមាណជាង​ ២,៨៨៥លាន​ដុល្លារអាមេរិក។

អត្ថបទដោយ៖ Nevin

Related Articles