We TV Cambodia

ទូតអាមេរិកថាសហគ្រាសធុនតូចនិងមធ្យម ជាកំលាំងចលករនៃការរីកចំរើនសេដ្ឋកិច្ចនៅកម្ពុជា

ទូតអាមេរិកថាសហគ្រាសធុនតូចនិងមធ្យម ជាកំលាំងចលករនៃការរីកចំរើនសេដ្ឋកិច្ចនៅកម្ពុជា
រូបថតៈ ក្រសួងពាណិជ្ជកម្ម

ដោយៈ ទិន សុខាវុធ

លោក Patrick Murphy ឯកអគ្គរដ្ឋទូត​នៃ​​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា សហគ្រាស​ធុនតូច​និង​មធ្យម​ (SME) ​ជា​កំលាំង​ចលករ​នៃ​ការរីកចំរើន​សេដ្ឋកិច្ច​​នៅ​កម្ពុជា​។  

ការលើក​ឡើង​របស់​លោក​ទូត ត្រូវ​បានធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​មួយ​ ជាមួយ​នឹង​ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅឯទីស្តីការរបស់ក្រសួង​ពាណិជ្ជកម្ម​។

លើស​ពី​នេះ​ទៀត ដើម្បី​គាំទ្រ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា លោក​ឯក​អគ្គរដ្ឋទូត​ក៏​បាន​លើក​ឡើង​​ផង​ដែរ​ថា ស្ថានទូត​​អាមេរិក​នឹង​រៀប​ចំ​វេទិកា​មូយ ស្តី​ពី «កសិ-ឧស្សាហកម្ម» នៅ​ខែ កុម្ភៈ ខាង​មុខ​ ក្នុង​គោលបំណងអញ្ជើញ​ក្រសួង​ពាណិជ្ជកម្ម​ អោយ​ចូល​រួម​ពិភាក្សា​ក្នុង​វេទិកា​នេះ​។

មួយវិញទៀត លោក​ទូត​បាន​បន្ថែមទៀត​ថា ក្រុមហ៊ុន​យក្ស​អាមេរិក GE ក៏​មាន​បំណង​ចូល​រួម​វិនិយោគ​នៅ​ក្នុង​វិស័យ​ថាមពល​នៅ​កម្ពុជា​ផង​ដែរ​ ដើម្បី​បំពេញ​តំរូវ​ការ​នៅ​លើ​ទីផ្សារ​ថាមពល​​។

ទាក់ទង​នឹង​​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា ធនាគារពិភពលោក​ក៏​បាន​យល់​ឃើញ​ដូច​គ្នា​​ដែរ​​ថា កម្ពុជា​ចាំបាច់​ត្រូវ​លើក​ស្ទួយ​វិស័យ​ឯកជន បើ​សិន​ជា​​កម្ពុជា​ចង់​បាន​នូវ​ការរីកចំរើន​សេដ្ឋកិច្ចមួយ ដែល​បំរើផលប្រយោជន៍​អោយ​អ្នក​ក្រ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ធនាគារ​ពិភពលោក កាល​ពី​ដើមខែ​វិច្ឆិកានេះ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា កត្តា​មួយ​ចំនួន​​ដែល​បាន​និង​កំពុង​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចំរើន​រហូត​មកដល់​សព្វថ្ងៃ​នេះ នឹង​មិន​គ្រប់​គ្រាន់​ឡើយ​​សំរាប់​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​បន្ត​រីក​ចំរើនតទៅ​មុខ​ទៀត​។ ប្រការនេះទាមទារចាំបាច់​អោយ​កម្ពុជា​​ត្រូវ​អនុវត្ត​​ការកែទំរង់​ជា​គន្លឹះ​​មួយ​ចំនួន ដើម្បី​ធានា​អោយ​មាន​ការរីក​ចំរើន​សេដ្ឋកិច្ច​មួយ​ដែល​បំរើ​ផលប្រយោជន៍​អោយ​ជនក្រីក្រ​។

បើតាម​ធនាគារ​ពិភពលោក ការកែ​ទំរង់​ចាំបាច់​ទាំងនោះ​រួម​មាន​៖ ការទាក់ទាញ​​វិនិយោគ​ក្នុង​វិស័យ​ឯកជន ក៏​ដូច​ជា​ការលើក​ស្ទួយ​វិស័យ​ឯកជន ក្នុង​បរិបទ​សម័យកាល​ឌីជីតល់​ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ការតភ្ជាប់​ទៅ​នឹងសេដ្ឋកិច្ចពិភពលោក ការលើកស្ទួយ​វិស័យ​ជំនួញ​និង​ហិរញ្ញវត្ថុ​ និង ការលើក​ទឹក​ចិត្ត​​ដល់​គំនិត​សហគ្រិនភាព​និង​ការបង្កើតថ្មី។

ឯ​ចំណែក​ឯលោករដ្ឋ​មន្ត្រី ប៉ាន សូរស័ក្តិ ក៏​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ​។​ កន្លង​មក លោក​ បាន​ប្រកាស​នៅ​លើ​ទំព័រ​ Facebook ថា​លោក​​នឹង​ធ្វើយ៉ាង​ណា​ជំរុញ​វិស័យ​ឯកជន​ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម (SME) អោយ​ក្លាយ​ទៅ​ជា​ «ក្បាល​ម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច» (The Engine of Economic Growth) ។

មួយវិញទៀត ​លោករដ្ឋ​មន្ត្រី​ក៏​បាន​លើកទឹក​ចិត្ត​ផង​ដែរ អោយ​គ្រឹស្ថាន​ជំនួញ ផលិតករ ពាណិជ្ជករ ចូល​រួម​បញ្ចេញ​មតិយោបល់​និងសំណូមពរ​ទាំងឡាយ ក្នុង​ទិសដៅ​ធ្វើអោយ​កាន់តែ​ប្រសើរឡើងថែមទៀត​នូវលក្ខខ័ណ្ឌ​ទីផ្សារ ដើម្បី​អាច​អោយ​ក្រសួង​របស់​លោក​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​ពួក​គេកំពុង​ជួប​ប្រទះ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *