We TV Cambodia

ទូតអាមេរិកថាការដោះលែងលោកកឹមសុខា នឹងមានប្រយោជន៍សេដ្ឋកិច្ចដល់កម្ពុជា

ទូតអាមេរិកថាការដោះលែងលោកកឹមសុខា នឹងមានប្រយោជន៍សេដ្ឋកិច្ចដល់កម្ពុជា
រូបថតៈ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា

 
 

ដោយៈ ទិន សុខាវុធ

កា​ល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលម៉ិញ​នេះ នៅ​ឯ​គេហដ្ឋាន​របស់​លោក កឹម សុខា នៅ​ក្នុង​ជំណួប​ជាមួយ​នឹង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល លោក Patrick Murphy ឯក​អគ្គរដ្ឋ​ទូត​នៃ​សហរដ្ឋ​​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ការដោះលែង​លោក កឹម សុខា និង​ជន​ដែល​បាន​និង​កំពុង​​បាត់បង់​សិទ្ធិ​នយោបាយ​មួយ​ចំនួន​ទៀត នឹង​មាន​ប្រយោជន៍​ដល់​វិស័យ​​សេដ្ឋកិច្ច​និង​អភិបាលកិច្ច​នៅកម្ពុជា​។

«វានឹងមានប្រយោជន៍ចំពោះ អភិបាលកិច្ច និងសេដ្ឋកិច្ច ចំពោះគ្រប់សម្លេងទាំងអស់ ដែលអាចចូលរួមធ្វើ​ឲ្យមានប្រជាធិបតេយ្យដ៏រឹងមាំ និងការសន្ទនាដែលមានការចូលរួមយ៉ាងពេញលេញ ក្នុងការធ្វើការផ្សះផ្សាដ៏ទូលំទូលាយ» នេះ​ជា​ការលើក​ឡើង​របស់​លោក​ទូត​អាមេរិក​។

លោក​បានបន្ថែម​ទៀត​ថា ការដោះ​​លែង​នោះ​ក៏​ជា​រឿង​ល្អ​មួយ​​សំរាប់​​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ជិតខាង​ដទៃ​ផង​ដែរ​។

យ៉ាងណាម៉ិញ លោក Patrick Murphy​ ​ស្វាគមន៍​ការបន្ធូរបន្ថយ​ទោស​របស់​លោក​ កឹម សុខា ដោយ​រាជ​រដ្ឋាភិបាលកម្ពុជា​ ហើយ​លោក​ទទួលស្គាល់​​ថា វា​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ការដោះ​លែង​ទាំងស្រុង​ ដោយ​ទំលាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​ប្រឆាំង​លោក កឹម សុខា ។

លើស​ពី​នេះទៀត លោក​ទូត​អាមេរិក​ក៏​ចង់​ឃើញ​ផង​ដែរ​ថា នៅ​ក្នុង​កាលៈទេសៈ​ដ៏​សម​ស្រប​ណា​មួយ រាជរដ្ឋាភិបាល​កម្ពុជា​ អាច​នឹងធ្វើ​ដូច​គ្នា​​នេះ​ដែរ ​ចំពោះ​ជន​ដែល​​ត្រូវ​បាន​​ដកហូត​សិទ្ធិសេរីភាព​ដទៃ​ទៀត​។

«តែក៏ត្រូវប្រើ​ពេល និងទីកន្លែងដ៏មានសារៈសំខាន់ អនុវត្តឲ្យដូចគ្នាចំពោះអ្នកទាំងឡាយណា ដែលសិទ្ធសេរីភាពរបស់គេ ត្រូវបានបដិសេធ​។​»

យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​អាមេរិកាំង ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និងសហរដ្ឋ​​​អាមេរិក បានកើនដល់​ប្រមាណ​ជា $4,300 លាន​ដុល្លារ ក្នុង​រយៈពេល​ ៩ ខែ​ដើម​ឆ្នាំ ២០១៩ នេះ​ ​គឺ​ស្មើ​នឹង ៣៧% ច្រើន​ជាង​ឆ្នាំ​កន្លង​ទៅ​។

មួយវិញទៀត បើតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ផលិតផល​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​លក់​នៅ​សហរដ្ឋ​អាមេរិក មានសំលៀកបំពាក់ ស្បែកជើង កាបូប​និង​វ៉ាលី​ស៍​សំរាប់​ធ្វើ​ដំណើរ និង ផលិតផល​កសិកម្ម​​មួយ​ចំនួន​​ទៀត។ ចំណែក​ឯ​ទំនិញ​នាំ​ចូល​ពី​​អាមេរិក​មក​វិញ​មាន យានយន្ត ចំណី​សត្វ ​និង​គ្រឿង​ម៉ាស៊ីន​មួយ​ចំនួន​​ទៀត។

ទាក់ទង​នឹង​រឿង​ក្តី​របស់​លោក កឹម សុខា តុលាការ​ក្រុង ​ភ្នំពេញ កាល​ពី​ថ្ងៃ អាទិត្យ ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លង​ទៅ បាន​សំរេច​​បន្ធូរ​បន្ថយ​ទោស​អោយ​​លោក កឹម សុខា ​តាម​សេចក្តី​ស្នើសុំ​នៃ​ក្រុម​មេធាវី​របស់​គាត់​។

ជាលទ្ធផល លោក កឹម សុខា ត្រូវ​បាន​​អនុញ្ញាត​អោយ​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏​បាន​ នៅ​ក្នុង​ប្រទេស​កម្ពុជា តែ​ត្រូវ​បាន​ហាមឃាត់​មិនអោយ​ចេញ​ក្រៅ​ប្រទេស និង​មិន​អោយ​ធ្វើ​នយោបាយ​។

លោក​ កឹម សុខា ក៏​ត្រូវ​មាន​កាតព្វកិច្ច​ផង​ដែរ ចូល​បង្ហាញ​មុខ​និង​ឆ្លើយ​សំណួរ​របស់​ចៅក្រម​ស៊ើបសួរ​គ្រប់​កាលទេស​ទាំងអស់​។

លោក​ កឹម​ សុខា​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខែ កញ្ញា ឆ្នាំ ២០១៧ ពី​បទឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ក្នុង​គោល​បំណង​ផ្តួល​រំលំ​រាជ​រដ្ឋាភិបាល។ លោក កឹម សុខា ត្រូវ​បាន​​តុលាការ​ចោទ​ប្រកាន់​ពី​ទោស​ក្បត់​ជាតិ​៕

Related Articles