
ដោយៈ ទិន សុខាវុធ
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំនៅកម្ពុជា
បានសំដែងក្តីសោមនស្សរីករាយ ដោយបានលើកឡើងថា ពលករខ្មែរធ្វើការនៅប្រទេសជប៉ុន
សុទ្ធតែអ្នកឧស្សាហ៍ព្យាយាម និងត្រូវបានក្រុមហ៊ុនជប៉ុនជាច្រើនកោតសរសើរ។
យោងតាមទំព័រ Facebook របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
នៅក្នុងកិច្ចពិភាក្សាការងារជាមួយនឹងលោករដ្ឋមន្ត្រី អ៊ិត សំហេង កាលពីថ្ងៃទី
១៤ ខែ តុលា ឆ្នាំ ២០១៩ នៅឯទីស្តីការរបស់ក្រសួង លោកឯកអគ្គរាជទូតបានមានប្រសាសន៍ថា
មានតំណាងក្រុមហ៊ុនជប៉ុនជាច្រើន ទាំងនៅប្រទេសជប៉ុន ទាំងនៅប្រទេសកម្ពុជា
បានពោលសរសើរពីភាពឧស្សាហ៍ព្យាយាមរបស់ពលករកម្ពុជា។
«ឯកឧត្តមបានជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនរបស់ជប៉ុន
ដូចជាក្រុមហ៊ុនអ៉ីអនជាដើម ដែលកំពុងដំណើរការនៅប្រទេសកម្ពុជា ដោយពួកគេបានរាយការណ៍
និងកោតសរសើរពីការខិតខំប្រឹងប្រែងធ្វើការរបស់បុគ្គលិកជនជាតិខ្មែរ ដែលបានបង្កឱ្យមានបរិយាកាសការងារល្អ
ពិសេសគឺមានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ»
នេះជាសំណេររបស់ក្រសួង នៅលើទំព័រ Facebook ។
លើសពីនេះទៀត
លោកឯកអគ្គរាជទូត ក៏បានសន្យាផងដែរថាប្រទេសជប៉ុននឹងខិតខំធ្វើយ៉ាងណាជួយរាជរដ្ឋាភិបាលកម្ពុជា
ក្នុងការលើកស្ទួយវិស័យឧស្សាហកម្ម ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងប្រទេសដទៃទៀតក្នុងតំបន់។
«ឯកឧត្តមឯកអគ្គរាជទូតជប៉ុន
ក៏បានមើលឃើញអំពីសារៈសំខាន់ នៃការប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា
ដោយឯកឧត្តមបានប្ដេជ្ញាថានឹងជួយពង្រឹង និងពង្រីកឧត្តមភាពប្រកួតប្រជែងលើវិស័យឧស្សាហកម្មរបស់កម្ពុជា
ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។» នេះជាការលើកឡើងរបស់ក្រសួង។
ជាលទ្ធផល
ឯកឧត្តម MIKAMI
Masahiro បានបន្តទៀតថា
ក្នុងនាមលោកជាឯកអគ្គរាជទូតតំណាងអោយប្រទេសជប៉ុន លោកនឹងខិតខំធ្វើយ៉ាងណាជួយពលករកម្ពុជា
អោយទៅធ្វើការនៅប្រទេសជប៉ុន អោយបានកាន់ច្រើនឡើងថែមទៀត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី អ៊ីត សំហេង បានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវបំណងល្អរបស់លោកទូតជប៉ុន។
ហើយលោករដ្ឋមន្ត្រីក៏បានលើកសរសើរផងដែរ ពីលក្ខខ័ណ្ឌការងារល្អសំរាប់ពលករកម្ពុជា
នៅតាមក្រុមហ៊ុនជប៉ុនទាំងឡាយ ទាំងនៅក្នុងស្រុកនិងនៅក្រៅស្រុក។
យោងតាមលោករដ្ឋមន្ត្រី
ពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ក្នុងនាមជាកម្មសិក្សាការី មានចំនួនប្រមាណជា
១២,០០០ នាក់។ ហើយមកទល់នឹងខែ កញ្ញា ឆ្នាំ ២០១៩ នេះ កម្ពុជាបានបញ្ជូនពលករជំនាញចំនួន
១១ នាក់ ជាលើកដំបូងទៅបំរើការនៅប្រទេសជប៉ុន៕
