
ដោយៈ ទិន សុខាវុធ
លោកជំទាវ Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាចប់អាណត្តិ បានលើកឡើងថា រដ្ឋាភិបាលកាណាដាតែងតែផ្តល់ភាពអនុគ្រោះពន្ធ (GSP) អោយដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទាំងឡាយ រួមទាំងប្រទេសកម្ពុជាផងដែរនោះ ដោយគ្មានភ្ជាប់ទៅនឹងលក្ខខ័ណ្ឌសិទ្ធមនុស្សណាមួយឡើយ។ ពោលគឹ គោលដៅដ៏ចំបងរបស់ប្រទេសកាណាដានៃការផ្តល់ភាពអនុគ្រោះពន្ធអោយដល់ប្រទេសក្រីក្រ គឺគ្មានអ្វីពីការជួយធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះរីកចំរើនឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយនៅលើទំព័រ Facebook របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Donica Pottie បានជួបសន្ទនាការងារជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯស្ថានទូតកម្ពុជាប្រចាំទីក្រុង បាងកក ប្រទេស ថៃ កាលពីសប្តាហ៍មុន។
មួយវិញទៀត ក្រៅពីផ្តល់ភាពអនុគ្រោះពន្ធ រដ្ឋាភិបាលកាណាដា តាមរយធនាគារជាតិនៃប្រទេសកាណាដា ក៏បានបោះទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ នៅក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ដោយទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ ABA ។
ដូចនេះ រដ្ឋាភិបាលកាណាដា ក៏ដូចជាអ្នកជំនួញជនជាតិកាណាដាទាំងឡាយ ដែលកំពុងធ្វើការរកស៊ីនៅកម្ពុជា តែងតែងមានបំណងចង់បានសុខសន្តិភាព និងស្ថេរភាពនយោបាយមួយយ៉ាងពេញលេញនៅកម្ពុជា។
ធនាគាររដ្ឋនៃប្រទេសកាណាដា បានសំរេចចិត្តទិញយកភាគហ៊ុនទាំងអស់របស់ធនាគារ Advanced Bank of Asia (ABA) ក្នុងតំលៃ $63 លានដុល្លារ សំរាប់ភាគហ៊ុនចំនួន១០% ទៀតដែលនៅសល់។
កាលពីឆ្នាំ ២០១៦ ធនាគាររដ្ឋនៃប្រទេសកាណាដាបានទិញភាគហ៊ុនចំនួន ៩០% របស់ធនាគារ ABA ដែលជាធនាគារដ៏ធំលំដាប់ទី ៦ នៅក្នុងប្រទេសកម្ពុជានៅពេលនោះ។
ជាសរុប ធនាគាររដ្ឋមួយនេះបានចំណាយដើមទុនប្រមាណ $320 លានដុល្លារ ទិញយកភាគហ៊ុនរបស់ ABA ទាំងអស់ ក្នុងគោលបំណងវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។
លោក Louis Vachon អគ្គនាយកនៃធនាគាររដ្ឋកាណាដា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានហេតុផលច្រើនណាស់ដែលធនាគាររបស់លោកសំរេចបោះទុនវិនិយោគនៅលើទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ ហេតុផលមួយនៅក្នុងចំណោមហេតុផលទាំងនោះ គឺអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជា។
យ៉ាងណាម៉ិញ កាលពីខែសីហាកន្លងទៅ ធនាគារ ABA បានចុះឈ្មោះជាមួយនឹងស្ថាប័នទីផ្សារមូលបត្រកម្ពុជា ហៅកាត់ថា CSX ក្នុងគោលបំណងប្រមូលយកប្រាក់កំចីអោយបានដល់ប្រមាណជា $21 លានដុល្លារ។
យោងតាមរបាយការណ៍របស់ ABA រហូតមកដល់ខែកក្កដាឆ្នាំ ២០១៩ ទុនសរុបរបស់ធនាគារ ABA បានកើនដល់ $3.81 ពាន់លានដុល្លារ ដែលជាកត្តាធ្វើអោយធនាគារ ABA ស្ថិតក្នុងលំដាប់ថ្នាក់ទី ៣ នៅកម្ពុជានៅពេលបច្ចុប្បន្ននេះ៕

