ដោយ៖ពេជ្រ
ទូតកម្ពុជាប្រចាំប្រទេសបារាំង ណែនាំនិស្សិតមិនឲ្យចេញក្រៅផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩
ប៉ារីស៖ ស្ថានទូតកម្ពុជា ប្រចាំទីក្រុងប៉ារីស បានចេញសេចក្ដីជូនដំណឹងដល់ពលរដ្ឋខ្មែរ សិស្សនិស្សិត ដែលរស់នៅ បារំាង អេស្ប៉ាញ អ៊ីតាលី ព័រទុយហ្កាល់ ក្រិក ម៉ាល់តា ស៊ីប អង់ដូរា និងម៉ូណាកូ មិនឲ្យចេញក្រៅផ្ទះ លើកលែងតែករណីចាំបាច់បំផុតប៉ុណ្ណោះ ដើម្បីជាការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក។
ជាមួយគ្នានេះដែរ ព្រំដែនក្រៅអ៊ឺរ៉ុប បានបិទហាមមិនឲ្យជនបរទេសធ្វើដំណើរចេញចូល លើកលែងតែជនបរទេសណា ដែលមានបំណងចាកចេញត្រឡប់ទៅប្រទេសខ្លួនវិញប៉ុណ្ណោះ។
នៅក្នុងខ្លឹមសារនៃសេចក្ដីប្រកាស បានឲ្យដឹងថា សម្រាប់ប្រទេសបារំាង ចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០ មក ហើយក្នុងរយៈពេលយ៉ាងតិច១៥ ថ្ងៃ ការចាកចេញពីផ្ទះអាចអនុញ្ញាតបាន តាមលក្ខខណ្ឌដូចខាងក្រោម៖
- ការចេញពីផ្ទះទៅកន្លែងធ្វើការ ប្រសិនការងារនោះចាំបាច់ មិនអាចធ្វើនៅផ្ទះបាន។
- ការចាកចេញទៅទិញម្ហូបអាហារ ក្នុងហាងដែលអនុញ្ញាតឲ្យបើកទ្វារ
- ការចាកចេញទៅជួបពេទ្យ
- ទៅជួបគ្រួសារពេលមានបញ្ហាបន្ទាន់
- ការចេញពីផ្ទះដោយស្ថិតក្បែរផ្ទះ ដូចជាដើរហាត់ប្រាណបន្តិចបន្តួច ឬនាំសត្វចិញ្ចឹមដើរ។ល៕