
ទឹកប្រាក់ប្រមាណ ១២លានដុល្លារបន្ថែមទៀតនឹងរៀបចំផ្ញើជូនកម្មករ កម្មការនី ដែលបានរងផលប៉ះពាល់ដោយសារ COVID-19 ខណៈទឹកប្រាក់ចំនួន ២,៤លានដុល្លារបានផ្ញើជូនកម្មករម្ដងរួចមកហើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា ទឹកប្រាក់ប្រមាណចំនួន ២,៤លានដុល្លារបានផ្ញើជូនកម្មកររួចទៅហើយកាលពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា តាមរយៈក្រុមហ៊ុន Wing ។ មិនតែប៉ុណ្ណោះ ទឹកប្រាក់ចំនួន ១២លានដុល្លារទៀតក៏បានរៀបចំសម្រាប់ផ្ញើជូនកម្មករប្រមាណ ១១០,០០០ផងដែរ ដែលជាការឧបត្ថម្ភពីរោងចក្រសហគ្រាសចំនួន ៣៤៤។

លោកបន្តថា ក្រុមហ៊ុន Wing នឹងផ្ញើសារទៅកាន់ពួកគេ ហើយពួកគេអាចដកប្រាក់បានដោយគ្រាន់តែមានអត្តសញ្ញាណបណ្ណ និងលេខទូរសព្ទប៉ុណ្ណោះ។ ចំណែកអ្នកដែលមិនទាន់ទទួលបានសារ គួរតែទាក់ទងទៅកាន់ក្រុមហ៊ុនរបស់ពួកគេ ព្រោះអាចមានបញ្ហាខុសលេខទូរសព្ទ និងខុសឈ្មោះជាដើម។ មួយវិញទៀត ប្រាក់ឧបត្ថម្ភដែលទទួលបាន គឺអាស្រ័យទៅលើរយៈពេលដែលកម្មករនិយោជិកត្រូវបានព្យួរការងារដែលមានកុងត្រារយៈពេលមួយខែ ប្រាក់ឈ្នួល ១៥ ដុល្លារសម្រាប់រយៈពេល ៧ ទៅ ១០ ថ្ងៃនៃព្យួរការងាររយៈពេលមួយខែ ៣០ដុល្លារសម្រាប់ ១១ ទៅ ២០ថ្ងៃ និង ៤០ដុល្លារសម្រាប់លើសពី ២១ថ្ងៃ។

លោក ហេង សួរ ក៏បានបញ្ជាក់បន្ថែមថា ក្រសួងបានជម្រុញឲ្យក្រុមហ៊ុនជួយស្វែងរកការងារឲ្យកម្មករធ្វើ ហើយរដ្ឋាភិបាលក៏កំពុងតែព្យាយាមក្នុងជួយជ្រោមជ្រែងជីវភាពរស់នៅរបស់កម្មករផងដែរ ដោយការផ្ដល់ប្រាក់ឧបត្តម្ភ ទាំងនេះជាដើម។

សូមបញ្ជាក់ផងដែរថា ការរីករាលដាលនៃជំងឺ COVID-19 បានធ្វើឲ្យរោងចក្រ និងសហគ្រាសចំនួន៣៦៤ ក្នុងប្រទេសកម្ពុជាបានព្យួរការងារ ដែលបានប៉ះពាល់ដល់កម្មករប្រមាណ ១២ម៉ឺននាក់ ប៉ុន្តែពួកគេបានទទួលមកវិញនូវប្រាក់ឧបត្ថម្ភមួយចំនួនពីរោងចក្រសហគ្រាសរបស់ពួកគេ និងបានពីការឧបត្ថម្ភពីរដ្ឋាភិបាលកម្ពុជា។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
