We TV Cambodia

ទឹកប្រាក់រាប់លានដុល្លារ រត់ពន្ធចូលកម្ពុជា ខណៈអាជ្ញាធរកំពុងស្វែងរកដៃគូអន្ដរជាតិ សហការណ៍ស៊ើបអង្កេត

ទឹកប្រាក់រាប់លានដុល្លារ រត់ពន្ធចូលកម្ពុជា ខណៈអាជ្ញាធរកំពុងស្វែងរកដៃគូអន្ដរជាតិ សហការណ៍ស៊ើបអង្កេត
រូបភាពឯកសារ

ភ្នំពេញ៖ ប្រភពគេហទំព័រក្នុងស្រុក បានចុះផ្សាយឲ្យដឹងថា ទឹកប្រាក់ទៅដល់ជាង ៧លានដុល្លារ ត្រូវរបូតខ្លួនចូលក្នុងទឹកដីកម្ពុជាដោយជនសង្ស័យចំនួន ៩នាក់ត្រូវបាន​អាជ្ញាធរកម្ពុជាចាប់បានកាលពីឆ្នាំមុន។ ទឹកប្រាក់រាប់លានដុល្លារគ្មានប្រភព អាជ្ញាធរកម្ពុជា គ្រោងនឹងស្វែងរកដៃគូអន្ដរជាតិ បង្កើតកិច្ចសហប្រតិបត្ដិការណ៍ដើម្បីស៊ើប អង្កេតឲ្យដឹងច្បាស់។

កាលពីឆ្នាំមុន អាជ្ញាធរកម្ពុជាបាន រឹបអូសទឹកប្រាក់ចំនួនដល់ទៅជាង ៧លានដុល្លារ ក្រោយពីបានចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់​ ក្នុងនោះ មានជនជាតិចិន ចំនួន ៧នាក់ និងជនជាតិ កូរ៉េខាងត្បូង ចំនួន២នាក់។ លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងកាលពី ថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជាបានបញ្ជូនសំណើជាផ្លូវការដើម្បីទទួលបានកិច្ចសហប្រតិបត្តិការពីប្រទេសចិននិងកូរ៉េខាងត្បូងដើម្បីស៊ើបអង្កេតប្រភពនៃប្រាក់ទាំងនោះ។ លោកបានបន្ដទៀតថា ពួកគេមិនទាន់បានឆ្លើយតបនៅឡើយទេ ចំណែកក្រសួងយុត្តិធម៌កំពុងតែជួយ និង ស្នើឲ្យសុំក្រសួងយុត្តិធម៌ ប្រទេសចិនមានការឆ្លើយតបមកវិញផង ហើយបើមានការឆ្លើយតប នោះនឹងធ្វើជាមួយគ្នា។

កម្ពុជាបានចាប់ខ្លួនជនសង្ស័យចំនួន ៩នាក់ នៅកន្លែងអាកាសយានដ្ឋាន ភ្នំពេញអន្ដរជាតិ និង អាកាសយានដ្ឋាន ខេត្ដសៀមរាប ជាមួយទឹកប្រាក់ ដល់ទៅជាង ៧លានដុល្លារ ដោយមិនមានប្រភព និងការបកស្រាយច្បាស់លាស់ ខណៈដែលទឹកប្រាក់២.២លានដុល្លារ រត់ពន្ធដោយជនជាតិកូរ៉េ ២នាក់ចូលក្នុងខែកក្កដាឆ្នាំ ២០១៩ ។ ទឹកប្រាក់ជាង៧លានដុល្លារនោះត្រូវបានរក្សាទុកនៅ ធនាគារជាតិ ចំនែក ជនសង្ស័យទាំង៩នាក់ ក៏ត្រូវឃុំទុកជាបណ្ដោះអាសន្ន។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ក្នុងស្រុក

Related Articles