ដោយ៖ពេជ្រ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៦០ លានដុល្លារ សម្រាប់ការសាងសង់ចំណតរថយន្តក្រុងចំនួន៣ទីតាំងបន្ថែមទៀត។ នេះបើតាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងកសាងចំណតរថយន្តចំនួន៣ទីតាំង ដែលគម្រោងនេះនឹងចំណោយទឹកប្រាក់វិនិយោគប្រមាណ ១៦០លានដុល្លារអាម៉េរិក ហើយក្រុមហ៊ុនបានពិនិត្យទីតាំងរួចរាល់ចំនួន២កន្លែង គឺនៅតំបន់រង្វង់មូលកួរស្រូវជាប់ព្រំប្រទល់ខេត្ត កណ្តាលមួយកន្លែង និងនៅតំបន់ផ្លូវជាតិលេខ៦មួយកន្លែង និងកំពុងរកទីតាំងមួយកន្លែង ទៀតដែលស្ថិតនៅជាយក្រុង។
បើតាមឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា ចំណតក្រោមដី ស្របតាមគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវការចំណតរថយន្តជាចំណុចអាទិភាពក្នុងទីក្រុងសព្វថ្ងៃ ដែលកំពុងខ្វះចំណត។
ឯកឧត្ដមអភិបាល ក៏បានសង្កត់ធ្ងន់ថា ឱ្យក្រុមហ៊ុនសិក្សាឱ្យច្បាស់លាស់មុនសម្រេច ចិត្តវិនិយោគ គឺធ្វើឱ្យបានជោគជ័យ ព្រោះកន្លងមកមានក្រុមហ៊ុនច្រើនមកហើយ បានលើកឡើងពីការចង់វិនិយោគបែបនេះ តែមិនទទួលបានលទ្ធផលទេ បានត្រឹមតែមក បង្ហាញគម្រោងធំ និងទំនើបរបស់ខ្លួនប៉ុណ្ណោះ៕