We TV Cambodia

ទឹកជំនន់ឆ្នាំនេះ នឹងបង្ហាញពីប្រសិទ្ធិភាពនៃការដោះស្រាយនៅឆ្នាំក្រោយ

ទឹកជំនន់ឆ្នាំនេះ នឹងបង្ហាញពីប្រសិទ្ធិភាពនៃការដោះស្រាយនៅឆ្នាំក្រោយ

ទឹកជំនន់ដែលបានចាប់ផ្ដើមកើតឡើងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ គឺនៅមិនទាន់មានសភាពធូរស្រាលនៅឡើយបើគិតមកត្រឹមថ្ងៃទី១៩ ខែតុលានេះ ខណៈខេត្តជាច្រើនបានលិចជាបន្តបន្ទាប់។ ទឹកជំនន់ក្នុងឆ្នាំ២០២០ នេះត្រូវបានគេមើលឃើញថា ហាក់មានសភាពធ្ងន់ធ្ងរជាងឆ្នាំផ្សេងៗ និងមិនធ្លាប់ជួបពីមុនមក។

ជាមួយគ្នានេះ ខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញក៏ត្រូវបានជន់លិចផងដែរ  និងបណ្ដាលឲ្យមានការរិះគន់ពីប្រជាពលរដ្ឋមួយចំនួនថា ការជន់លិចខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញនេះ គឺមកពីការចាក់ដីលុបបឹងនានាក្នុងរាជធានីភ្នំពេញ ដែលជាទីតាំងរំដោះទឹក ធ្វើឲ្យទឹកគ្មានកន្លែងហូរទៅ ទើបធ្វើឲ្យជន់លិចបែបនេះ។

ទោះជាយ៉ាងណា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ទឹកជំនន់ក្នុងរាជធានីភ្នំពេញនេះ គឺមិនមែនមកពីការលុបបឹងទេ តែបណ្ដាលមកពីគ្រោះធម្មជាតិដែលមានភ្ញៀវធ្លាក់បន្តកន្ទុយគ្នាមិនដាច់ ហើយប្រទេសជិតខាងកម្ពុជាដូចជា ថៃ ឡាវ និងវៀតណាម ក៏ជន់លិចដែរ មិនមែនមានតែកម្ពុជានោះទេ។

ដោយសារតែឆ្នាំនេះ មានភ្ញៀងធ្លាក់ខ្លាំង និងញឹកញាប់ ទើបធ្វើឲ្យមានទឹកជំនន់ជន់លិចបែបនេះ ហើយមិនធ្លាប់ជួបពីមុនមកផងនោះ យើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានផែនការ ឬដំណោះស្រាយដ៏មានប្រសិទ្ធិភាពសម្រាប់ឆ្នាំក្រោយ ព្រោះឆ្នាំនេះអាចចាត់ទុកថាជាគំរូ ដែលអាចទុកជាមេរៀនសម្រាប់ឆ្នាំក្រោយបាន ទោះបីជាឆ្នាំក្រោយទំហំទឹកភ្លៀងមានទាប ឬខ្លាំងជាងឆ្នាំនេះក៏ដោយ។

ជាមួយគ្នានេះ បើស្ថានភាពទឹកភ្លៀងនៅឆ្នាំក្រោយ មានកម្រិតប្រហាក់ប្រហែល ឬខ្ពស់ជាងឆ្នាំនេះបន្តិចបន្តួចនោះ ហើយការជន់លិចនៅតែមានដដែល វាជាការបង្ហាញពីប្រសិទ្ធិភាពនៃដំណោះស្រាយ និងការរៀបផែនការត្រៀមទុកជាមុនសម្រាប់ដោះស្រាយបញ្ហាទឹកជំនន់នេះ ព្រោះទឹកជំនន់នៅឆ្នាំនេះ បានបង្ហាញគំរូរួចជាសម្រេចហើយពីភាពមិនច្បាស់លាស់នៃអាកាសធាតុ និងចំនួនទឹកភ្លៀង។

អត្ថបទដោយ៖ Nevin

Related Articles