We TV Cambodia

ទឹកជំនន់កំពុងវាយប្រហារខេត្តមួយចំនួន ខណៈក្រសួងធនធានទឹកក្រើនរំលឹកចំពោះជំនន់ទឹកភ្លៀងពីថ្ងៃទី១៨ ដល់ទី២០ ខែតុលា

ទឹកជំនន់កំពុងវាយប្រហារខេត្តមួយចំនួន ខណៈក្រសួងធនធានទឹកក្រើនរំលឹកចំពោះជំនន់ទឹកភ្លៀងពីថ្ងៃទី១៨ ដល់ទី២០ ខែតុលា

គិតមកទល់ពេលនេះ ទឹកជំនន់បានវាយប្រហារខេត្តជាច្រើនក្នុងប្រទេសកម្ពុជា បណ្ដាលឲ្យមានការជន់លិចយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ខណៈដែលក្រសួងធនធានទឹកបានក្រើនរំលឹកចំពោះជំនន់ទឹកភ្ញៀងដែលអាចនឹងកើតមានឡើងពីថ្ងៃទី១៩ ដល់ទី២០ ខែតុលាខាងមុខនេះ។

 

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ប្រព័ន្ធសម្ពាធទាបនឹងបន្តលាត​សន្ធឹងលើកម្ពុជា​ ស្របពេលនៅលើសមុទ្រចិនខាងត្បូងបានកើតព្យុះទី១៦ (Tropical Storm ) ឈ្មោះ ណាងកា (NANGKA) ។

 

តាមការព្យាករណ៍ ព្យុះនេះនឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់កោះហៃណាំ មុននឹងចូលដល់ភាគខាងជើងប្រទេសវៀតណាមនៅថ្ងៃទី១៥ ខែតុលា។ បន្ទាប់ពីនោះ ក្នុងរង្វង់ថ្ងៃទី១៦ និងទី១៧ ព្យុះថ្មីមួយទៀតនឹងកើតឡើង ដែលរាប់ថាជាព្យុះទី១៧ ឈ្មោះ សូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង ។ តាមការរំពឹងទុក ព្យុះនេះនឹងចូលប្រទេសវៀតណាមត្រង់ចំណុចគីញើន (QuiNhon) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជាយើងតាមខេត្តរតនគីរីនាថ្ងៃទី១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប ។

 

ដោយយោងតាមការព្យាការណ៍នេះ ក្រសួងធនធានទឹក និងឧតុនិយមបន្តអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី១៨ ដល់ទី២០ ខែតុលា ហើយត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ពិសេសប្រជាពលរដ្ឋរស់នៅទីទំនាប ក្បែរផ្លូវទឹក ជាប់តំបន់ភ្នំ និងជួរភ្នំ។ ដោយឡែក អ្នកនេសាទ និងអ្នកដំណើរផ្លូវទឹក សូមប្រុងប្រយ័ត្នចំពោះភ្លៀងធ្លាក់ច្រើន លាយឡំជាមួយខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

អត្ថបទដោយ៖ Nevin

Related Articles