រដ្ឋាភិបាលកម្ពុជាបានសម្រេចយល់ព្រមតាមសំណើររបស់ទីស្តីការគណរដ្ឋមន្រ្តី ដែលដាក់សំណើរទៅស្ថាប័នពាក់ព័ន្ធទាំងអស់របស់រដ្ឋាភិបាល សុំលុបផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវចំនួន៨៣ហិកតាដើម្បីសាងសង់ជាអគារទីស្តីការអគ្គស្នងការនគរបាលជាតិ បង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។
រាជរដ្ឋាភិបាលយល់ព្រមកាត់ផ្ទៃដីចំនួន៨ហិកតា ដើម្បីសាងសង់ជាអគារទីស្តីការអគ្គស្នងការនគរបាលជាតិ បង្កើតសួន និងឧទ្យានធម្មជាតិសាធារណៈ។នេះបើតាមសេចក្តីប្រកាសចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ដោយឡែករាជរដ្ឋាភិបាលក៏ទទួលយល់ព្រមកាត់ផ្ទៃដីចំនួន៧៥ហិកតា ទៀតទៅឱ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើតជាសួន និងឧទ្យានធម្មជាតិ។
សូមជម្រាបថា ផ្ទៃបឹងតាមោកមានទំហំ ៣.២៣៩ហិកតា គិតរហូតឆ្នាំ២០២០នេះ រដ្ឋាភិបាលបានសម្រេចលុបផ្ទៃបឹងនេះចំនួន២ដងរួចមកហើយ។ រាប់បញ្ជូលទាំងការអនុញ្ញាតលើកចុងក្រោយនេះ ទំហំផ្ទៃបឹងដែលត្រូវលុបសរុបចំនួន ១៤៧ហិកតាដែលស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
លើកទី១ រដ្ឋាភិបាលសម្រេចឱ្យលុបបឹងទំហំ ៤៥ហិកតា នាខែតុលា ឆ្នាំ២០១៨ ទៅឱ្យឯកជន ដែលរដ្ឋបញ្ជាក់ថា ជាម្ចាស់ដីដើម។ នាឆ្នាំដដែលនេះ លើកទី២ រដ្ឋបានសម្រេចឲ្យលុបផ្ទៃបឹងចំនួន ២០ហិកតា ទៀតប្រគល់ឱ្យសាលារាជធានីភ្នំពេញ អភិវឌ្ឍន៍ជាផ្សារ និងចំណតរថយន្ត បម្រុងទុកសម្រាប់អាជីវកម្មដែលត្រូវរើចេញពីផ្នែកខ្លះនៃផ្សារដើមគ។ ឯការសម្រេចលុបបឹងលើកទី៣ គឺការសម្រេចលុបចំនួន ៨៣ហិកតា ដើម្បីបង្កើតជាសួនច្បារ ឧទ្យានធម្មជាតិ និងអគារអគ្គស្នងការនគរបាលជាតិ៕
