ភ្នំពេញ៖ក្រោយពីពិភពលោកកំពុងរងឥទិ្ធពលពីការផ្ទុះឡើងនៃមេរោគថ្មី COVID-19គេសង្កេតមើលឃើញថា ទីផ្សារទូរស័ព្ទស្មាតហ្វូន របស់ប្រទេសមហាយក្សចិន កំពុងដាំក្បាលចុះយ៉ាងខ្លាំង ដោយរងវិបត្តិយ៉ាងខ្លាំង។
ក្រោយពីការរីករាលដាលជំងឺកូរ៉ូណាវីរុស ក្នុងនោះគេឃើញថា ការនាំចេញស្មាតហ្វូនរបស់ប្រទេសចិនហាក់មានការធ្លាក់ចុះក្នុងរង្វង់ ៤០ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២០ បើយើងប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ថ្មីពីក្រុមហ៊ុនស្រាវជ្រាវ IDC ។
ក្នុងនោះបើតាមគេហទំព័រក្នុងស្រុកមួយ បានលើកឡើងជុំវិញសម្តីរបស់ លោកវ៉ុង បាននិយាយថា ៖«នៅពេលក្រុមហ៊ុន IDC ធ្វើបច្ចុប្បន្នភាពការព្យាករណ៍របស់ខ្លួនកាលពីឆ្នាំមុន “យើងរំពឹងថានឹងមានការធ្លាក់ចុះ ៥ ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០»។
លោកបានបន្ថែមថា ៖«ទោះបីជាមានការងើបឡើងវិញនៅខែមីនាដ៏មានសក្តានុពលក៏ដោយក៏វានៅតែពិបាកក្នុងការឈានដល់កម្រិតកាលពីឆ្នាំមុនដែរ សម្រាប់ត្រីមាសទី ១»។ លោកបានបន្ថែមទៀតថា៖ «វាក៏នឹងមានផលប៉ះពាល់ផងដែរសម្រាប់ការនាំចេញស្មាតហ្វូនទូទាំងពិភពលោកដែលការព្យាករណ៍ថានឹងធ្លាក់ចុះ ១០,៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ ២០២០ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។
សូមជម្រាបថា ទីផ្សារភាគហ៊ុន និងអាជីវកម្មជាច្រើននៅក្នុងប្រទេសចិនបានចាប់ផ្តើមជាប់គាំងខ្លាំង នៅពេលការផ្ទុះឡើងនៃជំងឺថ្មីនេះបានកើនឡើងកាលពីចុងខែមុន។
ដោយឡែកអ្នកវិភាគរបស់ក្រុមហ៊ុន IDC លោក Sangeetika Srivastava បាននិយាយថា ៖«ការខ្វះខាតគ្រឿងបន្លាស់ ការបិទរោងចក្រការ ដាក់ឲ្យដាច់ពីគ្នា ការដឹកជញ្ជូន និងការរឹតបន្តឹងការធ្វើដំណើរនឹងបង្កឧបសគ្គដល់អ្នកលក់ស្មាតហ្វូនដើម្បីផលិតទូរស័ព្ទនិងដាក់ឧបករណ៍ថ្មី»។
សូមជម្រាបថា អតិថិជនចិននឹងទិញទូរស័ព្ទតិចជាង ៣៣ លានគ្រឿងក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំនេះ។នេះបើយោងតាមលោក Will Wong អ្នកវិភាគមកពីក្រុមហ៊ុន IDC ៕
ដោយ៖ ឧត្តម
ប្រភព៖ China Times
