តម្លៃម៉ាសនៅកម្ពុជាត្រូវបានមើលឃើញថា ឡើងថ្លៃហួសកម្រិតក្នុងកំឡុងពេលកូវីដ១៩ ពិសេសក្នុងរយៈពេលប៉ុន្មានខែដំបូងនៃការផ្ទុះជំងឺនេះក្នុងប្រទេសកម្ពុជា ដែលតម្លៃម៉ាសបានកើនឡើងពី ២,៥ដុល្លារមួយប្រអប់ រហូតដល់ ជិត ១០ដុល្លារឯណោះក្នុងមួយប្រអប់។
ទោះយ៉ាងណា តម្លៃម៉ាសបានធ្លាក់ចុះមកវិញខ្លះក្នុងកំឡុងពេលប៉ុន្មានខែ ដែលកម្ពុជាស្ងប់ស្ងាត់កូវីដ១៩ ប៉ុន្តែតម្លៃនេះហាក់នៅថេរល្អក្នុងពេលដែលកម្ពុជាកំពុងផ្ទុះការឆ្លងសារជាថ្មី ពិសេសក្នុង «ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» នេះ ដោយតម្លៃម៉ាសនៅហាងមួយចំនួននៅត្រឹម ៥ ទៅ ៦ដុល្លារប៉ុណ្ណោះក្នុងមួយប្រអប់។
ត្បិតថាតម្លៃនេះ នៅខ្ពស់ជាងតម្លៃដើមមុនផ្ទុះកូវីដ១៩ ប៉ុន្តែវាក៏ទាបជាងតម្លៃពេលផ្ទុះកូវីដ១៩ ដំបូងៗដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញម៉ាសយកមកប្រើប្រាស់ ដោយមិនចោទជាបញ្ហា ហើយវាក៏ជាការជួយទប់ស្កាត់ការឆ្លងកូវីដ១៩ ផងដែរ។
អត្ថបទដោយ៖ Nevin
