We TV Cambodia

ទីផ្សារដីធ្លី មិនមែនចេះតែអាចឡើងថ្លៃបានទេ ប្រសិនមិនស្ថិតក្នុងចំណុចទាំងនេះ

ទីផ្សារដីធ្លី មិនមែនចេះតែអាចឡើងថ្លៃបានទេ ប្រសិនមិនស្ថិតក្នុងចំណុចទាំងនេះ

ជាក់ស្ដែងតាមការមើលឃើញ នាពេលបច្ចុប្បន្នអំពីទីផ្សារដីក្នុងប្រទេសកម្ពុជា ដែលបានប្រែប្រួល មានតំបន់ខ្លះ អាចឡើងខ្ពស់ មានតំបន់ខ្លះទៀត មិនសូវឡើង តែក៏មានតំបន់ផ្សេងទៀត ក៏មិនមានការឡើងថ្លៃដែរ។ ប៉ុន្ដែស្ថិតក្នុងស្ថានភាពមួយដែលទីផ្សារដីមានការកើនឡើងខ្លាំងនោះ ក៏មកពីមានកត្ដាមួយចំនួនចូលរួមផងដែរ ក្នុងនោះមានដូចជា៖

ដីក្បែរគម្រោងវិនិយោគ

ក្នុងចំនុចនេះ គឺផ្ដោតលើគម្រោងដែលកំពុងមានភាពមមាញឹកខ្លាំងនាពេលបច្ចុប្បន្ន ដែលជាពិសេសនៅតាមបណ្ដាតំបន់ជាយក្រុង ឬទីប្រជុំជនមានមនុស្សរស់នៅកុះករ ដែលមានដូចជា គម្រោង សាងសង់រោងចក្រ គម្រោងសាងសង់បុរី ផ្ទះល្វែង តំបន់ទេសចរណ៍ និង គម្រោងពុះឡូតិ៍ជាដើម។ អាជីវករដីឡូតិ៍មួយរូប ក្នុងខេត្ដកំពត បានចែករំលែកឲ្យដឹងថា កន្លងមកទីផ្សារដីនៅតាមជនបទធម្មតា បើគិតត្រឹមតែ មួយម៉ែត្រការ៉េ អាចក្រោម ២០ដុល្លារ ប៉ុន្ដែក្រោយពេលមានគម្រោងត្រូវអភិវឌ្ឈចូលទៅក្នុង​តំបន់ក្បែរនោះ គឺគ្រប់យ៉ាងត្រូវផ្លាស់ប្ដូរទាំងស្រុង គឺតម្លៃអាចមានសន្ទុះឡើង រហូតដល់ទៅ ពី៨០ ទៅ១០០ ដុល្លារ​ក្នុងមួយម៉ែត្រការ៉េ នេះមិនទាន់គិតទៅដល់ដីដែលជាប់មាត់ផ្លូវផង។

ស្ថិតក្នុងតំបន់អភិវឌ្ឍន៍

ទីផ្សារដីបើស្ថិតនៅក្នុងតំបន់ដែលត្រូវ​បានអភិវឌ្ឈដោយប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ក្នុងនោះមានដូចជា ការអភិវឌ្ឈលើហេដ្ឋារចនាសម្ពន្ធ ស្ពាន ផ្លូវ សាលារៀន មន្ទីពេទ្យ មានប្រព័ន្ធទឹកភ្លើងគ្រប់គ្រាន់ វាក៏បានចូលរួមចំណែកធ្វើឲ្យបានមានការកើនឡើងតម្លៃទីផ្សារ ខណៈ​ដែលជាការមើលឃើញជាក់ស្ដែង ប្រជាជនក្នុងតំបន់ទាំងនោះតែងមានជំនឿថា ការអភិវឌ្ឈចេះតែបន្ដកើតមាន មនុស្សចេះតែកើនឡើង ប៉ុន្ដែដីគឺមិនកើតទៀតនោះទេ។

ស្ថិតក្នុងតំបន់អំណោយផលផ្នែកកសិកម្ម ឬអាចកែច្នៃបាន

ជាធម្មតាបើស្ថិតក្នុងតំបន់ដីដែលមានភាពងាយស្រួលក្នុងការប្រកបរបរកសិកម្ម ដោយការធ្វើស្រែ ចម្ការ ចិញ្ចឹមសត្វ​ ជាមួយនឹងប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ សណ្ឋានដីមានជីជាតិ និង មានមនុស្សរស់នៅ ជាមួយហេដ្ឋារចនាផ្លូវងាយស្រួលធ្វើដំណើរ នោះក៏អាចនឹងមានតម្លៃទីផ្សារខ្ពស់ផងដែរ ជាពិសេស តំបន់ដែលស្ថិតស្ថានភាព ដែលមានសក្ដានុពលអាចធ្វើការកែរច្នៃបានលើសពីគម្រោងដើម។

ដោយ៖ Stince

Related Articles