ទីផ្សារតម្លៃដីធ្លីក្នុងប្រទេសកម្ពុជាតាមតំបន់ទីប្រជុំជន ខេត្ដ ក្រុង ហាក់គ្មានសភាពថយចុះទាល់តែសោះ ក្នុងកំលុងពេល ត្រីមាសទី២ ក្នុងឆ្នាំ២០២០ ខណៈដែលតម្រូវការ អ្នកទិញបែជាមានភាពថយចុះទៅវិញ។
ស្របគ្នានឹងការលើកឡើង របស់លោក James Hodge នាយកក្រុមហ៊ុន CBRE Cambodia បានបង្លាញពីមូលហេតុនៃលំនឹងទីផ្សារតម្លៃដីធ្លី ដោយថ្លែងថា មូលហេតុដែលតម្លៃដីមានសភាពនៅថេរ គឺដោយសារតែ លំហូរសាច់ប្រាក់របស់ម្ចាស់ដី ឬ អ្នកវិនិយោគដីធំៗ នៅមានស្ថេរភាពដែរ។ បន្ថែមពីលើនេះទៅទៀត លោកក៏បាន ពន្យល់អំពីភាពក្សត់ខ្សោយនៃចរន្ដសាច់ប្រាក់ក្នុងផ្នែកមួយនេះ ដោយបន្ថែមថា ជាក់ស្ដែង ផ្នែកផ្សេងៗនៃទីផ្សារអចលនទ្រព្យ (ខនដូ ជាដើម) កំពុងរងផងប៉ះពាល់អវិជ្ជមាន ជាពិសេសតំបន់កណ្តាលក្រុង។ អ្នកអភិវឌ្ឍន៍អចលនទ្រព្យអាចនឹងមិនទទួលប្រាក់ចំណេញដូចមុនទេ ដូច្នេះពួកគេនឹងកាត់បន្ថយការទិញលក់ដី ដែលជាហេតុធ្វើឲ្យចំនួនការទិញលក់ធ្លាក់ចុះ។
អ្នកតំណាងក្រុមហ៊ុន ពុះដីឡូតិ៍មួយរូប នៅខេត្ដកំពត ក៏បានលើកឡើងដែរថា តម្លៃទីផ្សារដីឡូតិ៍របស់លោក មិនមានការចុះថ្លៃនោះទេ ទោះបីចំនួនអ្នកទិញត្រូវធ្លាក់ចុះក៏ដោយក្ដី ហើយលោក ក៏រំពឹងថា ក្នុងកំលុងពេល ខាងមុខ ដាច់ឆ្នាំនេះ នោះទីផ្សារនឹងមានភាពល្អប្រសើរឡើងវិញ។
យោងតាមរបាយការណ៍ទីផ្សារដីធ្លីរបស់ ក្រុមហ៊ុន CBRE Cambodia បង្ហាញពីតម្លៃដីនៅក្នុងរាជធានីភ្នំពេញ តាមខណ្ឌផ្សេងៗ ដូចជា៖ ខណ្ឌដូនពេញ ចំការមន និង៧ មករា នៅតែជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ ចន្លោះពី ៥.០០០ ដុល្លារ ទៅ ៦០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ហើយខណ្ឌ ទួលគោក ឫស្សីកែវ សែនសុខ និងជ្រោយចង្វារ ជាខណ្ឌដែលមានតម្លៃខ្ពស់បន្ទាប់ ចាប់ពី ១,០០០ ដុល្លា រទៅ ៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ដោយ៖ Stince