ទីបំផុតទីភ្នាក់ងារអវកាសឥណ្ឌាបានបាញ់បង្ហោះយានអវកាស «Chandrayaan-2» ចូលទៅក្នុងទីអវកាសប្រកបដោយជោគជ័យ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ មួយសប្តាហ៍ក្រោយពីបេសកកម្មនេះត្រូវបានផ្អាកដោយសារបញ្ហាបច្ចេកទេស។
បេសកកម្មរបស់យានគ្មានមនុស្សបើកមួយនេះ គឺដើម្បីទៅចុះចតនៅតំបន់ប៉ូលខាងត្បូងនៃស្ថានព្រះច័ន្ទ ក្នុងគោលបំណងធ្វើការស្រាវជ្រាវរុករកបន្ថែមទៀតពីប្រភពទឹកនៅទីនោះ ដែលត្រូវបានថតរកឃើញពីគន្លងតារាវិថីនៃស្ថានព្រះច័ន្ទ (moon orbit) ដោយយានអវកាសឥណ្ឌាដំបូងគេ មានឈ្មោះថា «Chandrayaan-1» ។
ឈ្មោះរបស់យានអវកាសឥណ្ឌា Chadrayaan ជាពាក្យសឹស្រ្កឹតមកពីពាក្យថា Chandra+yaan ដែលមានន័យជាភាសាខ្មែរថា ច័ន្ទ្រា+យាន ឬ យានច័ន្ទ្រា និងដែលត្រូវបានគេបកប្រែជាភាសាអង់គ្លេសថា «moon craft» ។
មួយវិញទៀត វាជារឿងមួយដ៏គូរអោយភ្ញាក់ផ្អើលជាទីបំផុត ដែលនៅថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០០៩ មជ្ឍមណ្ឌលអវកាសឥណ្ឌាហៅកាត់ថា ISRO (Indian Space Research Organization) បានប្រកាសប្រាប់ពិភពលោកអោយដឹងថាពួកគេបានរកឃើញវត្តមាន «ទឹក» នៅលើស្ថានព្រះច័ន្ទ នៅក្នុងតំបន់ប៉ូលខាងត្បូង ដែលជាទីកន្លែងងងឹតរហូតគ្មានពន្លឺថ្ងៃ។
ដំណឹងនេះបានធ្វើអោយអ្នកឯកទេសអវកាសអាមេរិកាំង រុស្សី អឺរ៉ុប និង ជប៉ុន ជាច្រើននាក់បានភ្ញាក់ដាច់ផ្ងារធ្លាក់ពីលើកៅអីទាំងមិនដឹងខ្លួន ព្រោះវាជារឿងមួយដែលមិនអាចអោយជឿបាន ព្រោះពួកគេបានចំណាយពេលអស់រាប់សិបឆ្នាំមកហើយ ក្នុងការស្រាវជ្រាវរុកនៅលើស្ថានព្រះច័ន្ទ ហើយពួកគេមិនដែលជួបនឹងវត្តមាន «ទឹក» ម្តងណាឡើយ។ មួយវិញទៀត បើមាន «ទឹក» ហើយ មនុស្សនិងសត្វក៏នឹងអាចទៅរស់នៅលើស្ថានព្រះច័ន្ទបានដោយគ្មានបញ្ហាអ្វីឡើយ។
ក្រោយពីលេចឮដំណឹងនេះភ្លាម បីខែក្រោយមក គឺនៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០០៩ មជ្ឍមណ្ឌលអវកាសអាមេរិកាំង NASA បានផលិតនូវយានអវកាសភ្ជាប់ដោយផ្កាយរណបមួយ ហៅកាត់ថា LCROSS (Lunar Crater Observation and Sensing Satellite) និងបានបង្ហោះយានអវកាសនោះទៅថតមើលទីតាំងដែលមានវត្តមានទឹកនៅលើស្ថានព្រះច័ន្ទ ដែលត្រូវបានបញ្ជាក់ដោយមជ្ឍមណ្ឌលអវកាសឥណ្ឌា ISRO ។
បន្ទាប់មក អង្គការ NASA ក៏បានប្រកាសបញ្ជាក់បន្ថែមថា ពិតជាមានវត្តមានទឹកនៅទីនោះមែន។ លើសពីនេះទៀត អង្គការ NASA ក៏បញ្ជាក់ផងដែរថា ក្រៅពិតំបន់ប៉ូលខាងត្បូង ទឹកក៏អាចមានវត្តមានទៅកន្លែងផ្សេងៗទៀតនៅលើស្ថានព្រះច័ន្ទផងដែរ។
ជាលទ្ធផល ទីភ្នាក់ងារអវកាសរបស់ប្រទេសជឿនលឿនទាំងឡាយបានងាកមកស្រាវជ្រាវរុករកនៅលើស្ថានព្រះច័ន្ទសារជាថ្មីឡើងវិញ ក្នុងគោលបំណងរកទីតាំងដ៏សមស្របណាមួយដើម្បីតាំងលំនៅស្ថាន ឬបោះទីតាំងយោធានៅលើស្ថានព្រះច័ន្ទ។ ហើយសហរដ្ឋអាមេរិក និងប្រទេសបារាំងក៏បានប្រកាសផងដែរថា នឹងបង្កើតកងទ័ពអវកាស។ ដូចនេះ តើសង្គ្រាមនៅលើស្ថានព្រះច័ន្ទរវាងប្រទេសមហាអំណាចទាំងឡាយអាចនឹងកើតមានឡើងទេ នៅក្នុងការវាតទីដណ្តើមទឹកដីគ្នានៅលើស្ថានព្រះច័ន្ទ?
យើងគួររំលឹកឡើងវិញថា ភពនិមួយៗនៅក្នុងប្រព័ន្ធអាទិត្យ រួមទាំងផែនដីយើងផងដែរនោះ ធ្វើដំណើរជុំវិញព្រះអាទិត្យឬវិលជុំវិញព្រះអាទិត្យតាមគន្លងមួយដ៏ជាក់លាក់ ដែលភាសាអង់គ្លេសហៅថា orbit ដែលយើងអាចបកប្រែជាភាសាខ្មែរថា «គន្លងគោចរ» ឬ «តារាវិថី» ។ ចំពោះផែនដី ការវិលជុំវិញព្រះអាទិត្យមួយជុំ ត្រូវបានកំណត់ថាជារយពេលមួយឆ្នាំ ដែលមានចំនួន ៣៦៥ ថ្ងៃនិង ៦ ម៉ោង។ លើសពីនេះទៀត ផែនដីក៏បាននិងកំពុងវិលជុំវិញខ្លួនឯងផងដែរ គឺក្នុងរយៈពេល ២៤ ម៉ោងក្នុងមួយជុំ។
ក៏ប់ុន្តែ សំរាប់ភពព្រះច័ន្ទវិញ ត្រូវបានគេកំណត់ថាវាជាភពមួយដែលជារណបរបស់ផែនដី ដោយហេតុថាភពនេះវិលជុំវិញផែនដី និងដើរតាមផែនដីជាប់រហូត បើផែនដីទៅដល់ទីណា ភពព្រះច័ន្ទនឹងទៅដល់ទីនោះដែរ។ មួយវិញទៀត ភពព្រះច័ន្ទវិលជុំវិញផែនដីក្នុងរយពេល ២៧ ថ្ងៃ និង ៤ ម៉ោង។ ផ្ទុយទៅវិញ មួយថ្ងៃនៅលើស្ថានព្រះច័ន្ទមានរយៈពេលយូរជាងនៅលើផែនដីឆ្ងាយណាស់ គឺមានរហូតដល់ទៅ ៧០៨ ម៉ោងឯណោះ ពោលគឺរយៈពេលប្រហែលជាមួយខែនៅផែនដី។
ជាលទ្ធផល បើគេបាញ់បង្ហោះផ្កាយរណបឬស្ថានីយអវកាស អោយចេញផុតពីទំនាញផែនដី គ្រឿងចក្រទាំងនោះនឹងត្រូវស្ថិតនៅក្នុងគន្លងតារាវិថីរបស់ផែនដីជាស្វ័យប្រវត្តិ ហើយវានឹងវិលជុំវិញព្រះអាទិត្យក្នុងល្បឿនមួយស្មើនឹងល្បឿនរបស់ផែនដីដែរ៕
