
ដោយៈ ទិន សុខាវុធ
ទីក្រុងរណបជ្រោយចង្វារ ដែលកំពុងត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC (Overseas Cambodian Investment Corporation) នឹងក្លាយជាទីក្រុងពាណិជ្ជកម្មក្នុងពេលឆាប់ៗនេះ ដែលនៅក្នុងនោះ នឹងមានមជ្ឍមណ្ឌលពាណិជ្ជកម្មទំនើបទាន់សម័យ ដែលមានលក្ខណជាទីក្រុងវៃឆ្លាត (Smart City) ។
លោក ទូច សំណាង ដែលជាថ្នាក់ដឹកនាំមួយរូប នៅក្នុងក្រុមហ៊ុន OCIC បានលើកឡើងថា ក្រុមហ៊ុនរបស់លោករួមជាមួយនឹងអ្នកវិនិយាគដទៃទៀត បាននិងកំពុងបោះទុនវិនិយោគប្រមាណជាង $3,000 លានដុល្លារក្នុងការអភិវឌ្ឍទីក្រុងរណបមួយនេះ អោយក្លាយទៅជាមណ្ឌលពាណិជ្ជកម្មដ៏ទំនើបនិងទាន់សម័យ។
លោកបានបន្តទៀតថា បន្ទាប់ពីបានរួមសហការជាមួយនឹងអាជ្ញាធររួចមក ក្រុមហ៊ុន OCIC របស់លោក បានសំរេចកាត់ដីប្រមាណ ១០២ ហិកតា អោយទៅប្រជាពលរដ្ឋ។ បន្ទាប់មកទៀត ក្រោយពីកាត់ដីសំរាប់ធ្វើផ្លូវ ធ្វើសួនច្បារ និងប្រព័ន្ធលូ ក្រុមហ៊ុន OCIC នៅសល់ដីប្រហែលជា ១១០ ហិកតាសំរាប់ការអភិវឌ្ឍទីក្រុងរណបមួយនេះ។
ក៏ប៉ុន្តែ ផ្ទៃដីប្រមាណជា ១០ ហិកតា របស់ក្រុមហ៊ុនត្រូវប្រគល់អោយទៅរាជរដ្ឋាភិបាល សំរាប់ការសាងសង់ស្ថាប័នមួយចំនួនមានដូចជា សាលាឧទ្ធរណ៍ សាកលវិទ្យាល័យភូមិន្ទ សាលាវិចិត្រសិល្បៈ សាលាគយ សហព័ន្ធយុវជន និង សាលាខណ្ឌជាដើម។ ដូចនេះ ផ្ទៃដីនៅសល់សំរាប់ការសាងសង់ទីក្រុងរណប មានចំនួនប្រមាណជា ១០០ ហិកតាតែប៉ុណ្ណោះ។
លោកបានបង្ហើបអោយដឹងទៀតថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបានបញ្ចប់ការសាងសង់ផ្លូវប្រវែងសរុប ៣០ គីឡូម៉ែត្រ និងប្រព័ន្ធលូទឹកប្រវែង ៦០ គីឡូម៉ែត្រ ដោយចំណាយថវិកាប្រមាណ $150 លានដុល្លារ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏កំពុងសាងសង់ ផ្ទះល្វែង អគារពាណិជ្ជកម្មកំំពស់ពី ១០ ទៅ ១២ ជាន់ និងអគារការិយាល័យកណ្តាលកំពស់ ២០ ជាន់ផងដែរ។
ទីក្រុងរណបជ្រោយចង្វារ លាតសន្ធឹងលើសង្កាត់ចំនួន ៣ គឺសង្កាត់ជ្រោយចង្វារ ព្រែកលាប និងសង្កាត់ ព្រែកតាសេក ស្ថិតក្នុងខណ្ឌជ្រោយចង្វារ។
ទាកទងនឹងរឿងនេះ លោក ម៉េត មាសភ័ក្តី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានលើកឡើងថា ទោះបីជាក្រុមហ៊ុន OCIC បានទទួលសិទ្ធិក្នុងការអភិវឌ្ឍក្រុងរណបជ្រោយចង្វារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន OCIC ចាំបាច់ត្រូវធ្វើតាមប្លង់គោលអភិវឌ្ឍក្រុង ដែលត្រូវបានកំណត់ឡើងដោយរាជរដ្ឋាភិបាលដែរ ក្នុងគោលបំណងធានាអោយទីក្រុងថ្មីនេះ ប្រកបដោយនិរន្តរភាព និងមានផលប៉ះពាល់តិចបំផុតដល់បរិស្ថាន៕
