We TV Cambodia

ទីក្រុងទំនើបមួយនឹងត្រូវសង់ឡើងក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ទីក្រុងទំនើបមួយនឹងត្រូវសង់ឡើងក្នុងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ដោយៈ ទិន សុខាវុធ

ទីក្រុង​ដ៏​ទំនើបមួយ​នឹងត្រូវ​សង់ឡើងនៅ​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ អោយ​មកដើរកំសាន្តនៅកម្ពុជា​ អោយ​បាន​កាន់តែ​ច្រើន​ឡើង​​ និង​ស្នាក់​នៅ​ក្នុង​ទីក្រុង​នេះ​កាន់​តែយូរ​ថែមទៀត​។

នៅ​ក្នុងបទសម្ភាស​មួយ​ជាមួយ​នឹង​សារព័ត៌មាន​​ Fresh News ​ឯក​ឧត្តម ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើងថា ក្រសួង​របស់​លោក​មាន​គំរោងសង់​ទីក្រុង​ដ៏​ទំនើបមូយ​ នៅ​ក្នុង​ខេត្តសៀមរាប ក្នុង​គោល​បំណង​​ជំរុញ​កំណើន​ទេចរណ៍​ក្នុង​ខេត្ត​នេះ អោយ​បាន​កាន់តែ​ច្រើនថែម​ទៀត​។

ទីក្រុង​ដ៏​ទំនើបនោះ នឹងត្រូវ​សាងសង់​ឡើង​នៅ​ភាគខាង​កើត​នៃទី​ក្រុង​សៀមរាប​បច្ចុប្បន្ន ក្នុង​ចំងាយ​ប្រមាណ​ជា ៦០ គីឡូម៉ែត​ពី​ក្រុង​សៀមរាប​​។

យោង​តាម​លោក​រដ្ឋ​មន្ត្រី ផែនការសាងសង់​ទីក្រុង​ថ្មីនេះ កំពុង​ត្រូវ​បាន​សិក្សារៀបចំ ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនការ​​មេ ក្នុង​ការអភិវឌ្ឍ​​វិស័យ​ទេសចរណ៍​របស់​ខេត្ត​។ ការរៀបចំ​ផែនការសង់​ទីក្រុង​ថ្មី​នេះ​នឹង​ត្រូវ​ចប់ស្រេចបាច់​នៅក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ​។

ទាក់ទង​នឹងរឿង​នេះ អ្នកវិភាគយល់​ឃើញ​ថា ទីក្រុង​ថ្មី​នេះ​នឹង​បង្កើត​អោយ​មាន​ជំរើស​​ជា​ច្រើន​សំរាប់​ភ្ញៀវ​ទេសចរណ៍​។ ពោល​គឺ​ក្រៅ​ពី​ទីក្រុង​វប្បធម៌​ ដែល​​ពោរពេញ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​បុរាណ ដែល​ជាតំបន់​នៅ​ជុំវិញ​ក្រុង​សៀមរាប​បច្ចុប្បន្ន ភ្ញៀវ​ទេសចរណ៍​​អាចនឹង​​ជ្រើសរើស​ទៅ​ដើរលេង​និង​ស្នាក់​នៅ ​នៅ​ក្នុង​ទីក្រុង​​ទំនើប​ថ្មី​នោះ​ថែម​ទៀត​ ដែល​នៅ​ទីនោះ ពួក​គេ​នឹង​​សប្បាយ​រីករាយ​ជាមួយ​ជីវិត​សម័យ​ទំនើប​ ដូច​នៅ​ក្នុង​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​ដែរ​។

យ៉ាង​ណាម៉ិញ ទីក្រុងថ្មី​នោះ​នឹងទាមទារ​អោយ​សង់អាគារ​ខ្ពស់​ៗ​ជា​ច្រើន ដែលជាកត្តា​បង្កើត​អោយ​មាន​​កាលានុវត្តភាព​​រាប់មិនអស់ សំរាប់​អ្នក​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ ក៏​ដូច​ជា​អ្នក​ធុរកិច្ច​ក្នុង​ការ​អាជីវកម្ម​ផ្សេង​ៗ​ផង​ដែរ​​។

សំណង់​ទីក្រុង​ទំនើបថ្មី​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់រាជរដ្ឋាភិបាល​ ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អោយ​បាន​កាន់តែ​ច្រើន និង​ស្នាក់​នៅ​អោយ​បាន​កាន់​តែ​យូរ​។

ដើម្បី​សំរេច​អោយ​បាន​គោលដៅ​នេះ រាជរដ្ឋាភិបាលក៏​នឹង​អភិវឌ្ឍ​តំបន់​ ៤ ផ្សេង​ទៀត​សំរាប់​ភ្ញៀវ​ទេសចរណ៍​។ តំបន់​ទាំងនោះគឺ​៖ តំបន់​បឹង​ទន្លេ​សាប តំបន់​ឧទ្យាន​ជាតិ​គូលែន ទីក្រុង​សៀមរាប​ផ្ទាល់ និង​ តំបន់ប្រាង្គប្រាសាទ​អង្គរ​។

ជា​លទ្ធផល ដោយ​មានការអភិវឌ្ឍ​ជា​ច្រើន​បែបនេះ តំលៃដីធ្លី​នឹង​កើន​ឡើង​ ឬ​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា កំណើន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ខេត្តសៀមរាប​ នឹង​កើន​ឡើង​ដ៏​គួរ​អោយ​កត់​សំគាល់​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *