ដោយៈ ទិន សុខាវុធ
លោក តាំង ម៉េងអៀង ប្រធាននាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ជាតិ របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២១ ខែ តុលា ឆ្នា ២០១៩ កន្លងទៅនេះ នៅក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ប្រកបដោយចេរភាព បានលើកឡើងថា ទីក្រុងចំនួន ៧ ថ្មីទៀត នឹងត្រូវរាជរដ្ឋាភិបាលអភិវឌ្ឍអោយក្លាយទៅជាបណ្តាទីក្រុងប្រកបដោយនិរន្តភាព នៅត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ។
លោកបានបន្ថែមទៀតថា ទីក្រុងទាំង ៧ នោះ សុទ្ធសឹងជាតំបន់ប៉ូលសេដ្ឋកិច្ចនិងទេសចរណ៍ដ៏សំខាន់រួមមាន៖ ក្រុងសៀមរាប ក្រុងកែប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម ក្រុងបាវិត ក្រុងសួង និងក្រុងបាត់ដំបង ។
យោងតាមលោក តាំង ម៉េងអៀង គំរោងការរៀបចំទីក្រុងទាំង ៧ នោះ អោយក្លាយទីក្រុងប្រកបដោយនិរន្តភាព ត្រូវបានក្រសួងមួយចំនួនទៀតចូលរួមសហការសំរបសំរួល មានដូចជាក្រសួងរៀបចំដែនដីនិងនគរូបនីយកម្ម ក្រសួងសាធារណការនិងដឹកជញ្ជូន ចំពោះការងារទាំងឡាយណាដែលទាក់ទងនឹងការរៀបចំដាក់លូ និង ការដឹកជញ្ជូនជាដើម។
មួយវិញទៀត លោក ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព បានគូសបញ្ជាក់ថា ការសិក្សាស្តីពីការអភិវឌ្ឍន៍ទីក្រុងទាំងនោះ ត្រូវបានបញ្ចប់បានសព្វគ្រប់អស់ហើយ។ ជាលទ្ធផល ផលប៉ះពាល់ដល់បរិស្ថាន ក៏ត្រូវបានធ្វើការវិភាគសិក្សាយ៉ាងល្អិតល្អន់ផងដែរ។
លើសពីនេះទៀត អគ្គលេខាធិការដ្ឋានរបស់លោក ក៏កំពុងបន្តការធ្វើការសិក្សាយ៉ាងលំអិតលើបញ្ហាមួយចំនួនទៀត ទាក់ទងនឹងការអភិវឌ្ឍបណ្តាទីក្រុងទាំង ៧ នោះ មានដូចជាប្រសិទ្ធិភាពថាមពលក្នុងវិស័យកាត់ដេរ ប្រសិទ្ធិភាពសេដ្ឋកិច្ចនៃថាមពលពន្លឺព្រះអាទិត្យ ការទាញយកឥន្ធនៈពីសំណល់រឹង ការគ្រប់គ្រងសំណល់រាវបែបវិមជ្ឍការ ស្តង់ដារអគារបៃតង កម្មវិធីយានយន្តអគ្គិសនី បច្ចេកវិទ្យានុយក្លេអ៊ែរ ។ល។ ៕