We TV Cambodia

ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៣ នឹងធ្វើឡើងនៅខេត្តបន្ទាយមានជ័យ

ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៣ នឹងធ្វើឡើងនៅខេត្តបន្ទាយមានជ័យ
ប្រភព៖ ក្រសួងពាណិជ្ជកម្ម

ដោយ៖ស្រីពេជ្រ

 

នៅក្នុងយុទ្ធសាស្រ្តជួយជំរុញ និងលើកកម្ពស់​ផលិតផល​ក្នុង​ស្រុកឲ្យមានការទទួលស្គាល់ និងចូលរួមប្រើប្រាស់កាន់តែទូលំទូលាយ​នៅទូទាំង​ប្រទេស ក្រសួង​ពាណិជ្ជកម្ម នឹងរៀបចំទិវាជាតិលើកកម្ពស់ការប្រើប្រាស់​ផលិតផល​ខ្មែរ លើកទី៣ នេះបើតាមក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្ដីដំណឹង​នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ នេះ។

ស្ថិតក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ នេះ នឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃ ព្រហស្បតិ៍ ២រោច ដល់ថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៩-១២ ខែមេសា ឆ្នាំ២០២០ នៅទីរួមខេត្តបន្ទាយមានជ័យ។

សូមបញ្ចាក់ផងដែរថា ការរៀបចំពិព័រណ៍នេះ គឺក្នុងគោលបំណងទូងស្គរពញ្ញាក់ស្មារតី មហាជនទូទៅងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក​ឲ្យបាន​ច្រើនជាអតិបរិមា។ ជាពិសេស ដើម្បីជំរុញការងារចលនាភូមិ១ ផលិតផល១ ឱ្យមានសន្ទុះខ្លាំងក្លា និងសមិទ្ធផលធំធេងស្របតាមគោលនយោបាយជាតិ​ជំរុញចលនា​ភូមិ១ ផលិតផល១ ដោយជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់ផលិត​ផល​ខ្មែរ​ឱ្យបាន​ទូលំទូលាយដល់ថ្នាក់មូលដ្ឋាន។

នៅក្នុងចលនានៃការរៀបចំកម្មវិធីនេះ ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិត​ផលខ្មែរ មាន​គុណភាព​ខ្ពស់មាន​សុវត្ថិភាព​​សម្រាប់អ្នកប្រើប្រាស់ មានការវេចខ្ចប់បាន​ល្អ​ត្រឹមត្រូវ អនុលោមតាម​ស្តង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស​មក​ដាក់​តាំងបង្ហាញ និងស្វែងរកដៃគូយកទៅលក់បន្តនៅក្នុងទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៣ នេះផងដែរ៕

Related Articles