បើទោះបីជាមានជំងឺកូវីដ-១៩ កំពុងតែរាតត្បាតយ៉ាងណាក្តី ក៏គម្រោងសាងសង់សំណង់ជាច្រើននៅតែកកើតឡើងឥតឈប់ឈរ ទាំងការពុះដីឡូតិ៍ ក៏ដូចជាគម្រោងការសាងសង់លំនៅដ្ឋានផ្សេងៗជាដើម ។
ប៉ុន្តែចំពោះអ្នកទិញមានគំនិតខុសៗគ្នា ដោយអ្នកខ្លះបានសម្រេចចិត្តទិញផ្ទះស្រាប់ (ផ្ទះល្វែង , បុរី) ហើយអ្នកខ្លះទៀតក៏គាត់បានសម្រេចចិត្តថានឹង ទិញដីដើម្បីសាងសង់លំនៅដ្ឋានដោយខ្លួនឯង។ ដោយសារទស្សនៈខុសគ្នាបែបនេះ ទើបបានមានសំណួរសួរថា តើការទិញផ្ទះដែលសាងសង់ស្រាប់ (ផ្ទះល្វែង , បុរី) និងការទិញដីដើម្បីសាងសង់លំនៅដ្ឋានដោយខ្លួនឯង មួយណាចំណេញជាង? យ៉ាងណាមិញចំពោះចម្លើយថាគួរទិញដី ឬផ្ទះស្រាប់នោះ សូមបងប្អូនអានគុណប្រយោជន៏ខាងក្រោមនេះ និងធ្វើការពិចារណានិង សម្រេចចិត្តដោយខ្លួនឯង៖
១,ការទិញដីដើម្បីសាងសង់ផ្ទះដោយខ្លួនឯង
– អ្នកទិញដីធ្វើផ្ទះដោយខ្លួនឯង អ្នកអាចជ្រើសរើសទីតាំងដែលខ្លួនចង់បានតាមតម្រូវការ ព្រោះដីឡូតិ៍ ឬគម្រោងពុះដីឡូតិ៍មានច្រើននៅគ្រប់កន្លែង។ ជាពិសេសអ្នកទិញអាចរើសទីតាំង ដែលមានសក្តានុពលសេដ្ឋកិច្ច ជាប់ផ្លូវធំ និងអាចប្រកបអាជីវកម្មបានល្អ (ប្រសិនបើអ្នកចេះមើលពីសក្តានុពលពេលអនាគត)។
– អ្នកទិញដីធ្វើផ្ទះដោយខ្លួនឯងនឹងទទួលបានផ្ទះ ដែលមានគុណភាពសំណង់រឹងមាំជាមួយការ ចំណាយប្រាក់តិច នឹងអាចមានពេលវេលាជ្រើសរើសប្រភេទម៉ូតផ្ទះ ដែលខ្លួនប្រាថ្នាចង់បាន។
– ទោះជាយ៉ាងណាក្តី អ្នកទិញដីទុកធ្វើផ្ទះត្រូវតែត្រៀមខ្លួនសម្រាប់ចំណុចមួយចំនួនផងដែរ ដូចជា៖ ការរង់ចាំទម្រាំតំបន់នោះមានអ្នកផ្សេងចូលមករស់នៅ (សម្រាប់គម្រោងដីឡូតិ៍) ដោយតំបន់ខ្លះអាចនឹងគ្មានសណ្ដាប់ធ្នាប់ និងតំបន់ខ្លះអាចនឹងមិនសូវមានសុវត្ថិភាពជាដើម។
២, ការទិញផ្ទះដែលសាងសង់ស្រាប់ (ផ្ទះល្វែង , បុរី)
– ចំពោះតម្លៃថោក មធ្យម ឬថ្លៃ គឺអាស្រ័យទៅតាមគម្រោងនីមួយៗ
– អ្នកទិញអាចជ្រើសរើសទីតាំងទៅតាមអ្វីដែលខ្លួនត្រូវការ ដូចជា នៅជិតសាលារៀនរបស់កូនៗ ឬក៏នៅជិតកន្លែងដែលខ្លួនធ្វើការ…
– ចំពោះម៉ូតផ្ទះដែលខ្លួនប្រាថ្នាគឺអ្នកទិញអាចជ្រើសរើសបានទៅតាមគម្រោងនីមួយៗដែលសាងសង់
-មានសុវត្ថិភាព ដោយមានសន្តិសុខការពារ នឹងមានផាសុខភាព
-គម្រោងមួយចំនួនមានសួនច្បារ ផ្សារលក់ទំនិញ នឹងគម្រោងផ្សេងៗ ដែលមានស្រាប់ទៅតាមគម្រោងនីមួយៗ ។ល។
សូមជម្រាបជូនផងដែរថា ចំណុចទាំងពីរដែលបានរៀបខាងលើនេះបានផ្តល់ផលចំណេញដល់អ្នកទិញដូចគ្នា ណាមួយការបកស្រាយនេះគ្រាន់តែចង់ឱ្យអ្នកទិញបានទទួលបានគំនិតល្អប្រសើរ និងការពិចារណាបានខ្ពស់ជាងមុនតែប៉ុណ្ណោះ។
អត្ថបទដោយ៖ ពិសី