We TV Cambodia

ទម្លាប់ ៤យ៉ាង ជួយឲ្យអ្នកអាចគ្រប់គ្រងពេលវេលាបានល្អជាងមុន

ទម្លាប់ ៤យ៉ាង ជួយឲ្យអ្នកអាចគ្រប់គ្រងពេលវេលាបានល្អជាងមុន
ប្រភពរូបភាព៖ sunny.mn

ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើនបានរអ៊ូរទាំពីការធ្វើការងារមិនបានរួចរាល់តាមពេលវេលាកំណត់ ទោះបីពួកគេខិតខំធ្វើវាពេញមួយថ្ងៃហើយក្ដី ក៏ការងារនៅតែមានដដែល។ ចំណែកអ្នកខ្លះទៀត មិនដឹងថាខ្លួន​ឯងត្រូវធ្វើអ្វីនោះទេ គឺអង្គុយឲ្យតែផុតមួយថ្ងៃៗប៉ុណ្ណោះ បន្តាប់មកទើបដឹងថាការងារនៅសល់ច្រើន រួចក៏កើតទៅជាបញ្ហាផ្សេងៗ។

ប្រភពរូបភាព៖ ipress

បញ្ហាបែបនេះ កើតឡើងដោយសារតែអ្នកមិនបានរៀបចំ និងគ្រប់គ្រងពេលវេលាឲ្យបានល្អ ប៉ុន្តែថ្ងៃនេះ We TV Cambodia នឹងប្រាប់ពីទម្លាប់ ៤យ៉ាងដែលជួយឲ្យអ្នកអាចគ្រប់គ្រងពេលវេលាបានល្អជាងមុន និងមិនសល់ការងារគរដូចភ្នំទៀតនោះទេ៖

១, រៀបចំការងារដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក៖ រៀងរាល់យប់មុនពេលចូលគេង អ្នកគួរសរសេរការងារណាដែលត្រូវធ្វើនៅថ្ងៃស្អែកចូលក្នុងក្រដាស ឬសៀវភៅមួយ ប៉ុន្តែអ្នកត្រូវដាក់ការងារដែលសមល្មមនឹងធ្វើក្នុងពេលមួយថ្ងៃ ព្រោះអ្នកមិនអាចដាក់ការងារ ១០០មុខ ហើយធ្វើឲ្យសម្រេចក្នុងពេលមួយថ្ងៃបានទេ។

ប្រភពរូបភាព៖ sunny.mn

២, កំណត់លំដាប់ការងារ៖ អ្នកត្រូវកំណត់លំដាប់ការងារ ថាតើការងារណាអ្នកត្រូវធ្វើមុន ហើយការងារណាអ្នកត្រូវធ្វើបន្ទាប់ (បន្ទាន់, សំខាន់, ស្រួល ឬពិបាក) ព្រោះមនុស្សមានទម្លាប់ផ្សេងៗគ្នា អ្នកខ្លះចូលចិត្តធ្វើការងារស្រួលមុន ចំណែកអ្នកខ្លះទៀតចូលចិត្តធ្វើការងារពិបាកមុន។ ទោះយ៉ាងណា ការងារបន្ទាន់ និងការងារសំខាន់នៅតែជាការងារអាទិភាព ដែលអ្នកត្រូវធ្វើមុនគេ។

ប្រភពរូបភាព៖ ASK EHS

៣, កាត់បន្ថយពេលវេលាលើស្មាតហ្វូន៖ ថ្វីត្បិតតែស្មាតហ្វូនមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ប៉ុន្តែមនុស្សភាគច្រើនបានចំណាយពេលឥតប្រយោជន៍លើស្មាតហ្វូន ជាជាងទាញប្រយោជន៍ពីវា។ ដូច្នេះអ្នកគួរទុកស្មាតហ្វូននៅឲ្យឆ្ងាយពីខ្លួនពេលធ្វើការងារ ជៀសវាងមានសំឡេងរំខាន ព្រោះវានឹងធ្វើឲ្យអ្នកបែកអារម្មណ៍ និងចង់បើកមើលវា ហើយអ្នកនឹងខាតពេលលើវា ទាំងដែលការងាររបស់អ្នកនៅសល់ពេញតុនៅឡើយ។

ប្រភពរូបភាព៖ sunny.mn

៤, ក្រោកពីព្រឹក៖ នៅពេលដែលអ្នកក្រោកពីព្រឹក មានន័យថាអ្នកបានចាប់ផ្ដើមការងារមុនអ្នកដទៃ ១ ឬ ២ម៉ោងរួចបាត់ទៅហើយ ខណៈដែលអ្នកផ្សេងនៅគេងលក់នៅឡើយ។ មួយវិញទៀត អ្នកអាចមានពេលវេលាក្នុងការហាត់ប្រាណ ដែលវានឹងធ្វើឲ្យអ្នកមានសុខភាពល្អ និងអារម្មណ៍ស្រស់ស្រាយទៀតផង ហើយអ្នកថែមទាំងអាចទៅបំពេញការងារប្រកបដោយមានប្រសិទ្ធិភាពផងដែរ។

ប្រភពរូបភាព៖ mattress

អត្ថបទដោយ៖ Nevin

Related Articles