We TV Cambodia

ទម្លាប់ ៣យ៉ាងជួយកម្ចាត់ជំងឺដាច់លុយរបស់អ្នក ដែលតែងតែកើតមានរាល់ចុងខែ

ទម្លាប់ ៣យ៉ាងជួយកម្ចាត់ជំងឺដាច់លុយរបស់អ្នក ដែលតែងតែកើតមានរាល់ចុងខែ
រូបតំណាង (ប្រភព៖ internet)

គិតមកទល់ថ្ងៃនេះ មានមនុស្សច្រើនណាស់ដែលកំពុងកើតជំងឺដាច់លុយ ព្រោះជាថ្ងៃចុងខែ ហើយក៏កំពុងបន់ឲ្យដល់ថ្ងៃឆាប់ៗនឹងអាលបានបើកប្រាក់ខែ។ ការដាច់លុយទាំងចុងខែមិនទាន់នេះ ដោយសារតែអ្នកមិនបានគ្រប់គ្រងការចាយវាយឲ្យបានល្អ និងមានទម្លាប់ចាយវាយខ្ជះខ្ជាយ ពិសេសគឺពេលបើកប្រាក់ខែដំបូងៗ ដែលវាកើតឡើងជាញឹកញាប់ ស្ទើរតែក្លាយជាជំងឺទៅហើយ។ ប៉ុន្តែថ្ងៃនេះ We TV Cambodia នឹងបង្ហាញពីទម្លាប់ ៣យ៉ាងក្នុងការកម្ចាត់ជំងឺនេះចេញពីខ្លួនរបស់អ្នក៖

រូបតំណាង (ប្រភព៖ internet)

១, ទិញរបស់ដែលសំខាន់ និងចាំបាច់៖ រាល់ពេលបើកប្រាក់ខែដំបូងៗ មនុស្សភាគច្រើនតែងសប្បាយនឹងការទិញរបស់របរដែលខ្លួនស្រលាញ់ ប៉ុន្តែអ្នកត្រូវដឹងថា វាជាមូលហេតុចម្បងដែលធ្វើឲ្យអ្នកអស់លុយពីកាបូបទាំងចុងខែមិនទាន។ ផ្ទុយទៅវិញ អ្នកត្រូវគួរទិញរបស់ដែលសំខាន់ និងចាំបាច់សម្រាប់ការប្រើប្រាស់របស់អ្នកវិញ។ បន្ទាប់ពីធ្វើបែបនេះ ២ ឬ ៣ខែ អ្នកនឹងភ្ញាក់ផ្អើលជាមួយប្រាក់ដែលអ្នកសល់រាល់ខែ ហើយពេលនោះអ្នកអាចដកមួយចំនួនទៅទិញរបស់ដែលអ្នកស្រលាញ់បានហើយ ព្រោះវាគ្រាន់តែជារបស់លំអរ ទិញយឺត ១ខែ ២ខែ ក៏មិនអីដែរ។

រូបតំណាង (ប្រភព៖ internet)

២, រៀនបដិសេដ៖ ការរក្សាទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនជារឿងល្អ ប៉ុន្តែមិនមានន័យថា អ្នកត្រូវយល់ស្របជាមួយគេគ្រប់ពេលនោះទេ ពិសេសគឺការចេញទៅក្រៅតែម្ដង ព្រោះការចេញទៅក្រៅ ច្បាស់ណាស់ថាអ្នកនឹងត្រូវចាយវាយ ហើយទោះអ្នកត្បិតត្បៀតក៏ដោយ ក៏វានៅតែច្រើនជាងការចំណាយនៅផ្ទះធម្មតាដែរ។ យ៉ាងណាក៏ដោយ មនុស្សមិនអាចសំងំនៅតែផ្ទះរហូតបានទេ គឺត្រូវការចេញទៅក្រៅខ្លះ ប៉ុន្តែសូមកុំញឺកញាប់ពេក។

រូបតំណាង (ប្រភព៖ internet)

៣, រៀនសន្សំ៖ រាល់ពេលដែលអ្នកបើកប្រាក់ខែ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺដកប្រាក់ខែរបស់អ្នក១០% ដើម្បីសន្សំទុក ព្រោះវាអាចនឹងជួយអ្នកនៅពេលក្រោយ ពិសេសគឺពេលដែលអ្នកដាច់លុយ ហើយត្រូវការលុយបន្ទាន់សម្រាប់ប្រើប្រាស់។ មួយវិញទៀត វាក៏ជាទម្លាប់ដែលនាំអ្នកទៅរកភាពជោគជ័យផងដែរ ព្រោះអ្នកមានទាំងអស់សុទ្ធតែមានទម្លាប់សន្សំ ប៉ុន្តែទោះអ្នកមិនអាចក្លាយជាអ្នកមានដោយការសន្សំដូចបុគ្គលទាំងនោះ ក៏អ្នកអាចមានលុយសម្រាប់ទិញអាហារបរិភោគដើម្បីរស់បន្តទៀតដែរ។

អត្ថបទដោយ៖ Nevin

Related Articles