
ដោយ៖ស្រីពេជ្រ
ស្ថាបនិក ក្រុមហ៊ុន អាលីបាបា គឺលោក Jack Ma កើតនៅ ទីក្រុងហាំងចូវ ក្នុងឆ្នាំ ១៩៦៥ ក្នុងកំឡុងពេលចាប់ផ្តើមបដិវត្ដន៍វប្បធម៌ចិន ក្នុងគ្រួសារដែលមានជីវភាពលំបាកលំបិនមួយ។
Jack Ma មានគំនិតខុសពីក្មេងៗដ៏ទៃ រូបគេមើលឃើញពិភពលោកនេះយ៉ាងធំទូលាយ ដូច្នេះហើយបានជានៅអាយុ 12 ឆ្នាំ កុមារារូបនេះបានចាប់ផ្ដើមរៀនភាសាអង់គ្លេសតាំងពីក្មេងមកម្ល៉េះ។
ជារៀងរាល់ព្រឹក កុមាររូបនេះចំណាយពេលជាច្រើនម៉ោងជាមួយជនបរទេស ដើម្បីហាត់និយាយភាសាអង់គ្លេសនៅតាមសណ្ឋាគារ។ រយៈពេលប្រាំបីម៉ោងនៃជីវិតរបស់គេ គឺខុសពីក្មេងៗដទៃ ព្រោះគេបានស្វែងយល់ពីភាពខុសគ្នានៅអ្វីដែលគេបានរៀនពីសាលា និងបានរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន។
គាត់បានបញ្ចប់បរិញ្ញាប័ត្រផ្នែកភាសាអង់គ្លេស និងធ្វើការជាគ្រូបង្រៀនភាសាអង់គ្លេស នៅសាកលវិទ្យាល័យហាំងចូវនិងទទួលបានប្រាក់ខែ 12 ដុល្លារក្នុងមួយខែ។
ត្រឹមប្រាក់ខែ ១២ ដុល្លារ មិនបានឱ្យគាត់ក្លាយជាមហាសេដ្ឋីក្នុងមួយរំពេចភ្នែកនោះទេ។ គាត់បានទទួលការបរាជ័យ និងការបដិសេធជាច្រើនដង។ គាត់បានបរាជ័យពីរដងនៅក្នុងការប្រឡងនៅសាលាបឋមសិក្សា, បរាជ័យបីដងនៅក្នុងការប្រលងមធ្យមសិក្សា ហើយបរាជ័យបីដងក្នុងការប្រឡងចូលរៀននៅ សាកលវិទ្យាល័យហានចូវ ។
បើនិយាយដល់ការប្រឡងចូលរៀននៅសាកលវិទ្យាល័យ Harvard លោក Jack Ma បានដាក់ពាក្យដប់ ដងប៉ុន្តែត្រូវបានបដិសេធទាំងដប់ដង។ បើនិយាយពីការបណ្តាក់ទុនដំបូងរបស់គាត់ គាត់បានបរាជ័យក្នុងការធានាពីសហគ្រិនពីររូប ប៉ុន្តែគាត់មិនបានបាត់បង់ក្តីសង្ឃឹម ហើយនៅតែបន្តលើកទឹកចិត្តខ្លួនឯងរហូតសម្រេចបាននូវគោលដៅរបស់ខ្លួន។ Jack Ma បានប្រើប្រាស់បទពិសោធន៍នៃការបដិសេធ និងភាពបរាជ័យទាំងនោះ ជាស្ពានចម្លងទៅរកភាពរីកចម្រើន និងបង្កើតឱកាសថ្មីៗសម្រាប់ខ្លួនេង។
នៅឆ្នាំ ១៩៩៥ គាត់បានទៅលេងសហរដ្ឋអាមេរិច ជាមួយគ្នានោះដែរគាត់បានបញ្ចុះបញ្ចូលមិត្តភក្តិទាំង១៧ នាក់របស់គាត់ដើម្បីវិនិយោគ និងចូលរួមជាមួយគាត់នៅក្នុងការរៀបចំពាណិជ្ជកម្មអេឡិចត្រូនិចថ្មីមួយដែលមានឈ្មោះថា Alibaba ដើម្បីដឹកនាំប្រទេសចិនឱ្យឈានមុខស្របជាមួយប្រទេសធំៗដទៃទៀត។
ជារួមមក បើមិនមានរឿងរ៉ាវនៃភាពបរាជ័យ និងការតស៊ូទាំងនោះទេក៏ប្រហែលជាគ្មានភាពជោគជ័យដែរ។ មេរៀននៃលោក ជេក ម៉ា បានបង្រៀនយើងគឺ គ្រប់គ្នាត្រូវមានភាពជឿជាក់លើខ្លួនឯង និងក្លាហានហ៊ានបង្កើតឱកាសអោយខ្លួនឯង ហើយការបរាជ័យនិងការបដិសេធទាំំងនោះ យើងត្រូវតែចេះឆ្នៃជាឱកាសដើម្បីជំរុញខ្លួនឯងទៅរកភាពជោគជ័យក្នុងជីវិត៕
