We TV Cambodia

ថ្នាំជក់អាចនឹងត្រូវដំឡើងពន្ធ ខណៈពលរដ្ឋកម្ពុជាកាន់តែច្រើនប្រើប្រាស់ថ្នាំជក់

ថ្នាំជក់អាចនឹងត្រូវដំឡើងពន្ធ ខណៈពលរដ្ឋកម្ពុជាកាន់តែច្រើនប្រើប្រាស់ថ្នាំជក់

មានការអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការដំឡើងកម្រិតពន្ធលើថ្នាំជក់ ខណៈដែលពលរដ្ឋកម្ពុជា ពិសេសគឺយុវជន កាន់តែច្រើនឡើងចាប់ផ្ដើមប្រើប្រាស់ថ្នាំជក់ ទោះបីរដ្ឋាភិបាលធ្លាប់បានដាក់វិធានការក្នុងការកាត់បន្ថយការផ្សព្វផ្សាយពីថ្នាំជក់ក៏ដោយ។

UNDP បានលើកឡើងថា ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​តម្លើង​ពន្ធ​លើ​ថ្នាំជក់​ដើម្បីឱ្យ​ស្របតាម​គោលការណ៍​ណែនាំ​របស់ WHO ដែល​ស្មើនឹង ៧៥% ​នៃ​តម្លៃ​លក់រាយ​។​ មិនតែប៉ុណ្ណោះ បើ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ដល់ ៧៥%​ ខ្លួន​នឹង​ទទួលបាន​ចំណូល ៤៥លាន​ដុល្លារ​ប្រចាំឆ្នាំ​ ខណៈបច្ចុប្បន្ន​​ទទួលបានប្រមាណ​ពី ១៥ ទៅ ២០លាន​ដុល្លារ​។​

ជាការ​ឆ្លើយតប ​លោក មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា ​ក្រសួង​បានដឹង​អំពី​សំណើ​របស់​អង្គការ​សុខភាព​ពិភពលោក ប៉ុន្តែ​ករណីនេះ​ត្រូវ​ពិភាក្សា​បន្ថែមទៀត​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។​

ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការ​បង្កើន​កម្រិត​ព​ន្ធ​នាពេល​បច្ចុប្បន្ន​សម្រាប់​ផលិតផល​ថ្នាំជក់ ​មិន​ត្រឹមតែ​សម្រាប់​គោលបំណង​បង្កើន​ចំណែក​ប្រាក់ចំណូល​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ត្រូវគិតពីអត្រា​ការប្រាក់​ជាមួយនឹង​ការការពារ​បញ្ហា​សុខភាព​សម្រាប់​អ្នកប្រើប្រាស់​ថ្នាំជក់​នាពេល​បច្ចុប្បន្ន ​និង​អនាគត​ផងដែរ​»​។​

សូមបញ្ជាក់ថា ក្នុង​តំបន់​អាស៊ាន ​ថៃ​ជាប្រទេសដែលមាន​ពន្ធ​ថ្នាំជក់​ខ្ពស់បំផុត​ជា​ភាគរយ​នៃ​តម្លៃ​លក់រាយគឺរហូតដល់៧០%, បន្ទាប់មក​គឺ​ប្រទេស​សឹង្ហ​បុរី ៦៧,៥% និង​ប្រទេស​ឥណ្ឌូនេស៊ី ៦២,៧១%។​ ចំណែកប្រទេសដែលមានពន្ធទាបជាងគេគឺ ប្រទេស​ឡាវចន្លោះពី ១៦% ទៅ ១៩,៧% បន្ទាប់មកគឺកម្ពុជា ២៥% ទៅ ៣១,១%។

អត្ថបទដោយ៖ Nevin

Related Articles