We TV Cambodia

ថ្ងៃ ៩ វិច្ឆិកា អាចជាថ្ងៃដែលកម្ពុជាបាត់បង់ EBA និង GSP?

ថ្ងៃ ៩ វិច្ឆិកា អាចជាថ្ងៃដែលកម្ពុជាបាត់បង់ EBA និង GSP?
រូបថតៈ Facebook លោក ព្រាប កុល

ដោយៈ ទិន សុខាវុធ

លោក ព្រាប កុល  នាយក​ប្រតិបត្តិ​នៃ​អង្គការ​តំលាភាព​​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ Facebook របស់​លោក​កាលពីថ្ងៃ​ទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ថា ​ព្រឹត្តិការណ៍​ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ២០១៩ ជា​ពេល​វេលា​ដែល​​​លោក​ សម រង្សី និង​អតីតថ្នាក់ដឹក​នាំ CNRP ​បាន​ប្រកាស​ថា​នឹងមកស្រុក​ខ្មែរ​នោះ អាចនឹង​ធ្វើ​អោយ​កម្ពុជា​បាត់បង់​ EBA និង GSP ។

«លោក សម រង្សី និងអតីតថ្នាក់ដឹកនាំ CNRP មកមិនដល់ស្រុកខ្មែរទេ ហើយក៏គ្មានអ្វីកើតឡើងធំដុំជាក់ស្តែងគួរឱ្យកត់សម្គាល់ដែរ នៅថ្ងៃ ៩ វិច្ឆិកា ឬក្នុងពេលបុណ្យអុំទូកនេះ។  […]  ប៉ុន្តែព្រឹត្តិការណ៍នេះ បានផ្តល់ផលប៉ះពាល់អវិជ្ជមានជាក់ស្តែងគឺខ្មែរខាតបង់ច្រើនយ៉ាង […] ការវិវត្តន៍បែបនេះ អាចធ្វើឱ្យកម្ពុជាកាន់តែឈានទៅរកការបាត់បង់ EBA និង GSP» នេះ​ជា​សំណេរ​របស់​លោក ព្រាប​ កុល នៅ​លើ​​ទំព័រ Facebook របស់​លោក​។

លើស​ពី​នេះ​ទៀត នាយក​ប្រតិបត្តិ​រួប​នេះ បាន​បន្ថែម​ទៀត​ថា ព្រឹត្តិការណ៍ ៩ វិច្ឆិកា ក៏​អាច​ធ្វើអោយ​ខាតបង់​​នូវ​ការដាក់​ទុន​វិនិយោគ​ជា​ច្រើន​ផង​ដែរ​ ពីព្រោះអ្នកវិនិយោគ​ទុន​មួយ​ចំនួន​នឹង​ត្រូវ​ពន្យាពេល​ ​រង់ចាំ​ឱកាស​ល្អ​ក្នុងការ​​បោះទុន​វិនិយោគ​។

«អ្នកវិនិយោគមិនចង់ដាក់ទុនរកស៊ី ឬត្រូវពន្យាពេលសម្រេចចិត្តធ្វើការវិនិយោគ ចរន្តពាណិជ្ជកម្ម នឹងមានការបន្ថយល្បឿន​។»

ទាក់ទង​នឹង​បញ្ហា EBA សមាគម​រោងចក្រ​កាត់ដេរ ហៅ​កាត់ថា GMAC បានព្រមាន​ជា​ថ្មី​ម្តង​ទៀត​​ពី​ផល​វិបាក​កើត​ឡើង ជុំវិញ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ​។

យោង​តាម​ GMAC ការបាត់បង់​ EBA នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការនាំចេញ ដែល​ជា​ប្រការ​ធ្វើ​អោយ​​បាត់​បង់​ការងារ​រាប់ម៉ឺន​កន្លែង​ និង​ប្រាក់​ចំណេញ​ប្រមាណជា $700 លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

ឯចំណែក​ GSP វិញ គឺ​ជា​ប្រព័ន្ធ​អនុគ្រោះពន្ទ​ផ្តល់​អោយ​ដោយ​សហរដ្ឋ​អាមេរិក។ ជាលទ្ធផល បើកម្ពុជា​បាត់​បង់​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​ក៏​នឹង​បាត់​បង់​ប្រាក់​ចំណូល​ខ្ទង់​រាប់លាន​ដុល្លារ​ដែរ​៕

Related Articles