We TV Cambodia

ថ្ងៃឈប់សម្រាក០៥ថ្ងៃ មានភ្ញៀវទេចរដើរកម្សាន្តច្រើន តែការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវទេ

ថ្ងៃឈប់សម្រាក០៥ថ្ងៃ មានភ្ញៀវទេចរដើរកម្សាន្តច្រើន តែការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវទេ

អត្ថបទដោយ៖រដ្ឋ ស្រីពេជ្រ

 

ភ្នំពេញ៖ ក្នុងថ្ងៃសម្រាកចំនួន០៥ថ្ងៃ​នេះ មានភ្ញៀវទេសចរជាច្រើនបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាតាមបណ្ដារខេត្ត តែក្នុងនោះឃើញថាការទុកដាក់សំរាមមិនទាន់បានត្រឹមត្រូវនោះទេ។ នេះបើតាមក្រសួងទេចរណ៍ថ្ងៃ ២២ សីហា ឆ្នាំ២០២០។

យោងតាមរបាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានីខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសចាប់ពី ថ្ងៃទី ១៧-២១ ខែសីហា ឆ្នាំ២០២០ មានចំនួនប្រមាណ ១.៤៥៩.៣៨៦នាក់។

ទន្ទឹមនឹងនោះ ត្បិតតែថាគ្មានបញ្ហាធំដុំកើតឡើងដូចជាបញ្ហាឡើងថ្លៃម្ហូបអាហារ ថ្លៃផ្ទះសំណាក់ តែសំរាមនៅតែជាបញ្ហាស្មុគ្រស្មាញនៅឡើយដោយនៅតាមគោលដៅមួយចំនួន ភ្ញៀវទេសចរមានការទុកដាក់សំរាមមិនបានត្រឹមត្រូវ ជាពិសេសបោះចោលសំរាម ឬទុកចោលនៅកន្លែងដែលពួកគាត់បានទទួលទានអាហារ។

ក្នុងនោះដែរ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ជាពិសេសការស្កេនកំដៅ លាងដៃ និងការកត់ត្រាពត៌មានភ្ញៀវ។ យ៉ាងណាក៏ដោយ ការពាក់ម៉ាស់របស់ភ្ញៀវនៅមិនទាន់មានភាពពេញលេញ ហើយការរក្សាគំលាតសុវត្ថិភាពនៅពុំទាន់អនុវត្តបានល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ដែលមានលក្ខណៈប្រមូលផ្តុំច្រើន ផងដែរ៕

Related Articles