
ភ្នំពេញ៖ ថ្ងៃនេះចាប់រាប់ជាថ្ងៃទី១ ក្នុងថ្ងៃទាំងបីនៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម។ ប្រជាជនខ្មែរដែលជាប់ខ្សែរស្រឡាយជាកូនចៅចិន ក៏ចាប់ផ្ដើមរៀបចំ សែនបាយម្ហូបអាហារ ផ្លែឈើ ភេសជ្ជៈ នំចំណី និង របស់រប ជាច្រើនផ្សេងទៀត ទៅតាម ស្ថានភាពជីវភាពជាក់ស្ដែង។ ដោយឡែក តាមការសង្កេតមើលឃើញ នៅក្នុងទីក្រុងភ្នំពេញថ្ងៃនេះ ដូចជាក៏ហាក់មានភាពស្ងប់ស្ងាត់ ខុសពីរាល់ដង ជាពិសេសតាមផ្លូវធ្វើដំណើរ ខណៈដែលទម្លាប់ផ្លូវខ្លះពេលព្រឹក មានការកកស្ទះ តែបែជាស្រឡះ មានតែយានជំនិះតិចតួចធ្វើដំណើរទៅវិញ។
តាមផ្លូវធ្វើដំណើរ មានភាពស្រឡះងាយស្រួលក្នុងការបើកបរ ចំណែកអាជីវករនៅតាមបណ្ដោយផ្លូវ ខ្លះក៏បិទទ្វារ សម្រាកអាជីវកម្ម តែខ្លះក៏បើកលក់ធម្មតា។

កិច្ចសម្ភាសន៍ផ្ទាល់អ៊ុំស្រីអ្នកជិតខាងម្នាក់ គាត់បានប្រាប់ថា ថ្ងៃនេះ គ្រួសារគាត់ មានសមាជិកបីជំនាន់ នៅជុំគ្នាល្អណាស់ អត់ចេញទៅណាទេ។ ថ្ងៃធម្មតា រាល់ព្រឹក សមាជិកគ្រួសារគាត់ ចេញទៅលក់ដូរ ខ្លះទៅធ្វើការចំណែក ក្មេងៗទៅរៀនអស់ នៅឡើយតែគាត់ម្នាក់ឯងចាំផ្ទះ។ គាត់បន្ថែមទៀតថា ជាទម្លាប់ទៅហើយ ដែលគ្រួសារគាត់ តែងតែជុំគ្នា នៅថ្ងៃបុណ្យចូលឆ្នាំនេះ ប៉ុន្ដែមានឆ្នាំខ្លះ កូនប្រសារគាត់ម្នាក់ អ្នកខេត្ដកំពង់ស្ពឺ គឺត្រូវធ្វើដំណើរទៅជួបជុំគ្រួសារ ខាងនោះ គឺទៅតាំងពីពេលល្ងាចម្ល៉េះ។ វាគឺជាពេលវាលាល្អណាស់ និងសប្បាយចិត្ដបំផុត ដែលសមាជិកជាច្រើន ជិត២០នាក់ ទាំងចៅ ទាំងកូនកបង្កើតកូនប្រសារ នៅជុំគ្នាបែបនេះ។

ពូម៉ាប់ អ្នកលក់គុយទាវ និងជាម្ចាស់ផ្ទះជួលនៅទឹកផ្លា ក៏បានប្រាប់ដែរថា ថ្ងៃនេះ គាត់នឹងប្រពន្ធគាត់អត់បានចេញទៅលក់ដូរទេ គឺក្រោកតាំងពីព្រឹក ដើម្បីរៀបចំផ្ទះ រៀបចំម្ហូបហារ សម្រាប់សែន ចូលឆ្នាំថ្មី។ គាត់បានបន្ថែមទៀតថា សម្រាប់ថ្ងៃនេះ គាត់និងប្រពន្ធ អត់បានចេញទៅណាទេ មានតែកូនៗរបស់គាត់ទេ ទៅសាលា ហើយថ្ងៃបន្ទាប់ទើបគាត់គ្រោងទៅដើរលេងតាមខេត្ដ។
ប្រជាជនកម្ពុជា ភាគច្រើន មើលទៅឃើញមានការចាប់អារម្មណ៍ រៀបចំពិធីនេះច្រើនណាស់ មិនថាក្រុង ខេត្ដ ជនបទនោះទេ។ ដោយឡែកនៅតាមតំបន់ជនបទ រឹតតែមានភាពអ៊ូអរ គ្រួសារខ្លះ បន្ទាប់ពីកម្មពិធីហើយក៏បង្កើតកម្មវិធី ជប់លៀងបន្ដ យ៉ាងសប្បាយរីករាយ ទៅតាមចំណូលចិត្ដ។
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
