We TV Cambodia

ថៃចាប់យកឱកាសនាំចេញអង្ករទៅអឺរ៉ុប ទោះបីកំពុងជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩ ក៏ដោយ

ថៃចាប់យកឱកាសនាំចេញអង្ករទៅអឺរ៉ុប ទោះបីកំពុងជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩ ក៏ដោយ

ប្រទេសថៃកំពុងចាប់យកឱកាសដើម្បីជម្រុញការនាំចេញអង្ករលំដាប់ខ្ពស់ទៅកាន់តំបន់អឺរ៉ុប បន្ទាប់ពីមានការអនុញ្ញាតឲ្យនាំចូលអង្ករប្រមាណជិត ២៥ម៉ឺនតោន ទោះបីបច្ចុប្បន្នកំពុងជាប់ដៃប្រយុទ្ធជាមួយកូវីដ១៩ ក៏ដោយ។

លោក Keerati Rushchano អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានឱ្យដឹងថា គណៈកម្មការអឺរ៉ុបបានប្រកាសថា កូតាប្រចាំឆ្នាំសម្រាប់អង្ករនៅសល់ (អង្ករពណ៌ស អង្ករផ្កាម្លិះរបស់ថៃ អង្ករក្រអូបថៃ និងអង្ករល្មមឆ្អិន ១០០ភាគរយរបស់ថៃ) នឹងមានពន្ធនាំចូលសូន្យសម្រាប់ខែនេះរហូតដល់ ២៤,៨៨៣តោន។

លោក Keerati បានបន្ថែមថា ពន្ធនាំចូលសូន្យ គឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុននាំចេញអង្ករថៃ ដើម្បីបង្កើនការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុប ខណៈជាធម្មតាសហភាពអឺរ៉ុបប្រមូលពន្ធនាំចូលពីអង្ករថៃប្រមាណ ១៧០ដុល្លារក្នុងមួយតោន។

ទោះជាយ៉ាងណា ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothammatas បានមានប្រសាសន៍ថា ការនាំចេញអង្កររបស់ថៃទៅកាន់អឺរ៉ុបឆ្នាំនេះទំនងជាមានការធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៩ ដោយសារតែការរីករាលដាលនៃកូវីដ១៩ ធ្វើឲ្យអាជីវកម្មច្រើនត្រូវបានបិទ។

សូមជម្រាបថា សហភាពអឺរ៉ុបបានកំណត់កូតានាំចូលអង្ករប្រចាំឆ្នាំរបស់ថៃសម្រាប់ឆ្នាំ២០២០ ចំនួន ៦៣ម៉ឺនតោន ហើយក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២០ នេះ ប្រទេសថៃបាននាំចេញអង្ករចំនួន ១៤៦,៣៦២តោន ទៅកាន់សហភាពអឺរ៉ុប ដែលគិតជាទឹកប្រាក់មានចំនួន ១៤០លានដុល្លារអាមេរិក។

អត្ថបទដោយ៖ Nevin

Related Articles