We TV Cambodia

ត្រូវប្រយត្ន័ខ្លួនជានិច្ច ជាមួយមនុស្សប្រភេទទាំងអស់នេះ ​នៅក្នុងសង្គមបច្ចុប្បន្ន

ត្រូវប្រយត្ន័ខ្លួនជានិច្ច ជាមួយមនុស្សប្រភេទទាំងអស់នេះ ​នៅក្នុងសង្គមបច្ចុប្បន្ន

ការប្រឡូកខ្លួនចូលទៅក្នុងសង្គម​ ​ធ្វើកិច្ចការសង្គម  អាចធ្វើឱ្យអ្នកមានទំនាក់ទំនងកាន់តែល្អជាមួយមនុស្សទូទៅ ស្គាល់គេឯងច្រើន ​ទទួលបានបទពិសោធន៍ជីវិតដែលមិនធ្លាប់ជួបប្រទះ និងមេរៀនសំខាន់ផ្សេងៗដើម្បីអភរិវឌ្ឍន៍ខ្លួនឯង។ ប៉ុន្តែត្រូវចងចាំថា​ ក្នុងសង្គមមានមនុស្សច្រើនប្រភេទណាស់ដែលអ្នកមិនអាចមើលចិត្តគេធ្លុះនោះឡើយ អ្នកអាចនឹងត្រូវរងគ្រោះ និងត្រូវគេចាក់ពីក្រោយយ៉ាងសាហាវ ប្រសិនណាជាអ្នកមិនចេះប្រយ័ត្នប្រយែងខ្លួនឱ្យបានច្រើនផងនោះ។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរប្រុងប្រយត្ន័ឱ្យបានខ្ពស់បំផុត៖

១.កុំឱ្យអ្នកណាដឹងអាថ៌កំបាំងរបស់អ្នក

ពេលដែលអ្នកទើបតែស្គាល់នរណាម្នាក់ ឬត្រឹមតែជាមនុស្សដែលស្គាល់គ្នារាប់អានគ្នាធម្មតា អ្នកមិនគួរយករឿងអតីតកាល ភាពឈឺចាប់ ចំណុចខ្សោយរបស់ខ្លួន​​​ ឬអាថ៌កំបាំងរបស់ខ្លួនប្រាប់ដល់គេទេ។ មនុស្សនៅក្នុងសង្គមមានច្រើនប្រភេទណាស់ ដែលអ្នកមិនគួរទុកចិត្តប្រាប់គ្រប់យ៉ាងទាំងអស់ ថាមិនបានពួកគេអាចយកអាថ៌កំបាំងរបស់អ្នកទៅនិយាយដើម ឬយកមកធ្វើជាចំណុចខ្សោយមកជាន់ ឬចាក់អ្នកពីក្រោយក៏ថាបាន។

២. ចង់បានប្រយោជន៍ពីអ្នក

នៅក្នុងសង្គមមិនមែនគ្រប់គ្នាមានមិត្តភាពពិតប្រាកដនោះទេ ក្នុងករណីអ្នកមានអារម្មណ៍ថាអ្នកស្គាល់គេច្រើន ឬមានអ្នកមករាប់អានច្រើន កុំទាន់អាលអរឱ្យសោះ ព្រោះអ្នកខ្លះចង់រាប់អានអ្នកព្រោះតែចង់ទាញផលប្រយោជន៍ពីអ្នកតែប៉ុណ្ណោះ ដោយអាចសម្លឹងមើលអ្នកមានទ្រព្យទ្រព្យ​​ អ្នកមានប្រយោជន៍ដែលអាចពឹងពាក់បាន​ឬចង់បោកអ្នកប្រើជាដើម។

៣. បង្ហាញរឿងផ្ទាល់ខ្លួនពេកធ្វើឱ្យគ្រប់គ្នាឃ្លាតឆ្ងាយ

គ្មានអ្នកណាកើតមកល្អឥតខ្ចោះទេ​អ្នកណាក៏ធ្លាប់មានកំហុស និងអតីតកាលមិនល្អកើតឡើងដែរ ​ហើយទោះបីជាវាជារឿងកន្លងផុត ឬបានដោះស្រាយរួចរាល់អស់ តែមិនប្រាកដថាអ្នកត្រូវតែនិយាយរឿងខ្លួនឯងប្រាប់គេឯងគ្រប់គ្នានោះទេ។ ដឹងទេអតីតកាលរបស់អ្នក ពេលខ្លះអ្នកនឹងបំភ័យឱ្យគេគ្រប់គ្នាខ្លាច រអារ ឬចាកចាញឆ្ងាយមិនហ៊ានរាប់អានអ្នកបានផងដែរ ដូច្នេះទោះការចូលក្នុងសង្គមជាការបើកចិត្ត និងអាចរកគ្នាពិភាក្សាគ្នាបានក៏ពិតមែន តែក៏មិនត្រូវទុកចិត្តអ្នកណាលឿនពេកនោះទេ។

៤. កាន់តែធ្លាប់ឈឺចាប់​ឬត្រូវគេធ្វើបាប កាន់តែកុំទុកចិត្តនរណា

ជឿថាមនុស្សម្នាក់ៗសុទ្ធតែមានរឿងខកបំណង ជួបរឿងឈឺចាប់ និងត្រូវគេធ្វើបាបចៀសមិនផុត មិនថាស្នេហា ឬមិត្តភាព។ ដូច្នេះនៅពេលដែលអ្នកធ្លាប់រងរបួសផ្លូវចិត្តមួយនេះហើយ អ្នកត្រូវតែមើលមនុស្សក្នុងសង្គមឱ្យកាន់តែច្បាស់បន្ថែមទៀត ហើយរឹតតែត្រូវការពារខ្លួនឯងកុំឱ្យលិចលង់ជឿជាក់អ្នកដទៃឆាប់រហ័សពេក។ កាន់តែឈឺគឺកាន់តែប្រយ័ត្ន ហើយក៏កាន់តែកុំឆាប់ទុកចិត្តមនុស្សពេក។

៥. កុំបង្ហាញព័ត៌មានផ្ទាល់ខ្លួនច្រើនពេក

ពេលប្រឡូកក្នុងសង្គម និងជួបនឹងមនុស្សថ្មីៗ​អ្នកប្រហែលជាអាចនឹងមានពេលត្រូវនិយាយគេលេង ​ជជែកគ្នាលេង ឬសួរសំណួរទាក់ទងនឹងរឿងផ្ទាល់ខ្លួនមួយចំនួន តែក្នុងករណីនេះប្រសិនជាអាចគេចវេសមិនឆ្លើយបានក៏គួរតែធ្វើ។ ព័ត៌មានផ្ទាល់ខ្លួន ទាំងទាក់ទងនឹងគ្រួសារ ម្តាយឪពុក បងប្អូន ទ្រព្យសម្បត្តិ បទពិសោធន៍នៃជីវិត គោលដៅ និងចំណាប់អារម្មណ៍ផ្ទាល់ខ្លួន គឺជារឿងដែលមិនត្រួវនិយាយប្រាប់អ្នកណាផ្តេសផ្តាសទេ ព្រោះយើងមិនដឹងថាគេមានបំណងល្អ​ឬយ៉ាងណាឡើយ តែអ្នកអាចនឹងបង្ហាញរឿងទាំងនេះសន្សឹមៗបន្តិចៗម្តងនៅក្នុងពេលវេលាណាមួយដែលអ្នកយល់ថាសមស្របនឹងនិយាយ។

៦. រឿងខ្លះគួរតែរក្សាជាឯកជន

អ្នកគួរតែដឹងហើយថារឿងខ្លះមិនគួរបង្ហើប ឬប្រាប់អ្នកឯទៀតទាល់តែសោះ ព្រោះវាជារឿងឯកជន។ បើទោះបីជាមានអ្នកសួរអ្នក យ៉ាងណាក៏ដោយអ្នកក៏កុំឆ្លើយ ឬប្រសិនជាអ្នកចង់និយាយរឿងទាក់ទងនឹងរឿងផ្ទាល់ខ្លួនគួរតែពិចារណាឱ្យបានល្អិតល្អន់។ មិនថារឿងទាក់ទងនឹងមុខរបរ ការរកស៊ី គំនិតថ្មីៗនៅក្នុងការងារ រឿងស្នេហា ឬរឿងរ៉ាវផ្ទាល់ខ្លួន អ្នកមិនអាចនិយាយប្រាប់អ្នកដទៃទេ ព្រោះវាអាចនាំហានិភ័យដល់អ្នកខ្លួនឯងបាន។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles