ត្រឹមរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញចេកអំបូងលឿងប្រមាណជាង ២២,៧៦២តោនទៅកាន់ទីផ្សារបរទេស។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រភពដដែលនោះ បានឲ្យដឹងទៀតថា ក្នុងចំណោមការនាំចេញទាំងអស់ ចេកអំបូងលឿនប្រមាណ ១៤,៤១៤តោម បាននាំចេញទៅនាក់ប្រទេសវៀតណាម និង ៨,៣៤៨តោនទៀត ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។
ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ស្ថិតក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយដៃគូអភិវឌ្ឍន៍នានា និងវិស័យឯកជន ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃ ប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារនាំចេញ។
មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យក្រុមហ៊ុន បន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យបានល្អជាមួយអគ្គនាយកដ្ឋានកសិកម្ម និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
អត្ថបទដោយ៖ Nevin