We TV Cambodia

ត្រឹម ៤ខែដំបូងក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្មបានជិត ២លានតោ

ត្រឹម ៤ខែដំបូងក្នុងឆ្នាំ២០២០ កម្ពុជានាំចេញផលិតផលកសិកម្មបានជិត ២លានតោ
​ផលិតផល​កសិកម្មរប​ស់កម្ពុជា (ប្រភព៖ ហ្វេសប៊ុក)

​យោងតាមរបាយការណ៍លទ្ធផល​នៃ​ការនាំចេញ​ផលិតផល​កសិកម្មរប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញថា ត្រឹមរយៈពេល ៤ខែ នៅដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្មដូចជា​អង្ករ​, ដំឡូង​មី​, គ្រាប់ស្វាយចន្ទី​, ចេក​, ស្វាយ និង​ម្រេចទៅក្រៅប្រទេសបានជិត ២លានតោនឯណោះ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ប្រភព៖ ហ្វេសប៊ុក)

ក្នុងរបាយការណ៍នោះដែរ ក៏បានបញ្ជាក់ទៀតថា ក្នុងការនាំចេញទាំងអស់នោះមាន ​អង្ករ​​ជាង​៣០​ម៉ឺន​តោន (នាំចេញទៅប្រទេសចិន ១២ម៉ឺនតោន និងអឺរ៉ុបជាង ៩ម៉ឺនតោន), ដំឡូង​មីជិត ​១,២៧​លាន​តោន, គ្រាប់ស្វាយចន្ទី ជាង ​១៨​ម៉ឺន​តោន, ចេកជិត ​៩,៧​ម៉ឺន​តោន​, ស្វាយជាង ​៤​ម៉ឺន​តោន​, ម្រេចជាង ​២​ពាន់​តោន និង​កសិផល​ផ្សេងៗ​ទៀតរួមមាន គ្រាប់ពោត​, ​បន្លែ​, សណ្តែកដី​, ម្ទេស ថ្នាំជក់​ សរុបមាន​ជាង ​៣​ម៉ឺន​តោន​។

​រោងចក្រកែច្នៃផលិតផល​កសិកម្មរប​ស់កម្ពុជា (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា ទីផ្សារ​នាំចេញ​ផលិតផល​កសិកម្មរបស់​កម្ពុ​ជាមានដូចជា៖ ប្រទេសចិន ប្រទេស​ក្នុង​តំបន់​អឺរ៉ុប កូរ៉េខាងត្បូង ជប៉ុន ថៃ វៀតណាម ម៉ាឡេស៊ី  រុស្សី ហុងកុង អាមេរិក អង់គ្លេស ឥណ្ឌា​ និងបណ្ដាប្រទេសផ្សេងៗទៀត។​ កាលពីឆ្នាំមុន ពោលគឺឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលកសិកម្មទៅក្រៅប្រទេសសរុបចំនួន ៦,៩៣៩,៩៦៨​តោន ក្នុងនោះការចេញស្រូវក្រៅផ្លូវការ​ទៅ​ប្រទេស​វៀតណាមមានចំនួន ​២,១៥៥,១០២​តោន​។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles