We TV Cambodia

ត្រឹមត្រីមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញទៅអាមេរិកគិតជាទឹកប្រាក់រហូតដល់ ១,៦ពាន់លានដុល្លារ

ត្រឹមត្រីមាសទី១ ឆ្នាំ២០២០ កម្ពុជាបាននាំចេញទៅអាមេរិកគិតជាទឹកប្រាក់រហូតដល់ ១,៦ពាន់លានដុល្លារ
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក (ប្រភព៖ Google)

យោងតាមរបាយការណ៍ពីការិយាល័យជំរឿនរបស់អាមេរិក បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញទៅអាមេរិកគិតជាទឹកប្រាក់ប្រមាណជិត ១,៦០០លានដុល្លារ ដែលមានការកើនឡើងជា៤០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងរយៈពេលនេះដែរ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិកមានប្រមាណជិត ២,៧ពាន់លានដុល្លារ ដោយកម្ពុជានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជិត ១,៦ពាន់លានដុល្លារ និងអាមេរិកនាំចូលមកកម្ពុជាវិញមានប្រមាណ ៨៥លានដុល្លារប៉ុណ្ណោះ។

រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (ប្រភព៖ Google)

អាមេរិកជាទីផ្សារដ៏សំខាន់មួយរវស់កម្ពុជាក្នុងការនាំចេញទំនិញជាច្រើនរួមមាន ​សម្លៀកបំពាក់ ស្បែកជើង និងកាបូបជាដើម។ ប៉ុន្តែដោយសារតែបញ្ហាជំងឺ COVID-19 ទើបបណ្ដាលឲ្យមានបញ្ហាខ្លះកើតឡើងដូចជាអ្នកបញ្ជាទិញនៅអឺរ៉ុប និងអាមេរិក មិនបានទូទាត់ប្រាក់ រាល់​ទំនិញ​ដែលបាន​ដឹកជញ្ជូនរួចនោះទេ និងខ្លះទៀតបានលុបចោលការកម្ម៉ង់​ទិញថ្មី​​សម្រាប់​រយៈពេល​ប្រមាណ ២ខែ​ខាងមុខ​ផងដែរ។ ប៉ុន្តែ សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បានទទូចឲ្យ​អ្នកបញ្ជាទិញ​គោរព​តាមកិច្ចសន្យា និងទូទាត់ប្រាក់​មកកាន់​រោងចក្រ​នៅកម្ពុជាវិញ។

រោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦មក រដ្ឋាភិបាលងាមេរិកបានប្រកាសផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ​ GSP សម្រាប់​មុខទំនិញ​មួយចំនួន​របស់​កម្ពុជា​នាំទៅអាមេរិក​ រួមមាន វ៉ាលី កាបូប កាបូបស្ពាយ និងកាបូបដាក់ប្រាក់​ជាដើម។ មិនតែប៉ុណ្ណោះ បើយោងតាម​របាយការណ៍​ពីការិយាល័យ​ជំរឿន​របស់អាមេរិក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញទៅអាមេរិកក្នុងទំហំទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ ដែលមានការកើនឡើងប្រមាណ៤០% បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles