We TV Cambodia

ត្រឹមតែ២សប្ដាហ៍ដើមខែ ឧសភា ភ្ញៀវទេសចរណ៍កើនឡើងវិញជាង ៤០%

ត្រឹមតែ២សប្ដាហ៍ដើមខែ ឧសភា ភ្ញៀវទេសចរណ៍កើនឡើងវិញជាង ៤០%
រូបភាពឯកសារ

យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ត្រឹមតែរយៈពេល ២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្ត​កើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។

ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងថា «សម្រាប់រយៈពេលចាប់ពីថ្ងៃទី០៤-១៧ ខែឧសភា ឆ្នាំ២០២០ ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស បានបន្តកើនឡើងគួរឲ្យកត់សម្គាល់ ដោយមានចំនួនសរុបប្រមាណ ២៥៦,៥៤១នាក់កើនឡើង ៤៦.៧៦ភាគរយធៀបនឹងពីរសប្តាហ៍នៃចុងខែមេសាកន្លងមក»។ ឯកឧត្តមបានបន្តទៀតថា ចំណោមភ្ញៀវទេសចរសរុបជាង ២៥ម៉ឺននាក់នោះ មានភ្ញៀវជាតិមានប្រមាណ ២៥៣,២៥៦ នាក់កើនឡើង ៤៦.៦៤ ភាគរយ និងភ្ញៀវបរទេសមានប្រមាណ ៤,២៨៥ នាក់កើនឡើង ៧.៤៧ ភាគរយ។ តាមការកត់សម្គាល់ ប្រជាពលរដ្ឋ និងទេសចរបរទេសផ្ទៃក្នុង ភាគច្រើនបានធ្វើដំណើរទៅកាន់តំបន់អេកូទេសចរណ៍នាភូមិភាគឦសាន ភាគនិរតី និងតំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះមុខនៃការកើនឡើងចលនាទេសចរផ្ទៃក្នុងនេះក្រសួងទេសចរណ៍បានសហការជាមួយវិស័យឯកជនរៀបចំនូវវិធានការ (ស្ដង់ដាពិសេស) សម្រាប់សុវត្ថិភាពទេសចរណ៍ ក្នុងនោះរួមមានក្រមប្រត្តិបត្តិ គោលការណ៍ណែនាំចាំបាច់មួយចំនួនបន្ថែមពីលើវិធានការសុវត្ថិភាព និងអនាម័យដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសការលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន ចំពោះបុគ្គលិក ភ្ញៀវទេសចរ និងដៃគូសហប្រតិបត្តិការតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែលនឹងបញ្ចប់ក្នុងសប្តាហ៍ក្រោយនេះ។

ដោយ៖ Stince

Related Articles