យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវបរទេសមកទស្សនារមណីយដ្ឋានអង្គរប្រមាណជិត ៤០ម៉ឺននាក់ និងទទួលបានចំណូលជាង ១៨លានដុល្លារ។
របាយការណ៍ដដែលបានបង្ហាញបញ្ជាក់ថា ភ្ញៀវដែលមកទស្សនារមណីយដ្ឋានអង្គរក្នុងរយៈពេល ៦ខែនេះមានចំនួន ៣៨៧,៨៤០នាក់ ដែលចំនួននេះមានការធ្លាក់ចុះចំនួន ៦៨,៨៣%បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកចំណូលដែលទទួលបានពីការលក់សំបុត្រក្នុងរយៈពេល ៦ខែនេះវិញទទួលបានជាង ១៨លានដុល្លារ ដែលមានការធ្លាក់ចុះប្រមាណ ៦៧,៥៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះ ចំនួនភ្ញៀវទេសចរណ៍បរទេសមកទស្សនារមណីយដ្ឋានអង្គរក្នុងខែមិថុនាមានចំនួន ១,៧៤៧នាក់ និងទទួលបានចំណូលចំនួន ៧១,២១៨ដុល្លារ ដែលមានការធ្លាក់ចុះ៩៨% ។
សូមបញ្ជាក់ថា ចំណូលដែលបានមកពីភ្ញៀវទេសចរណ៍ចូលទស្សនាតំបន់អង្គរពេញមួយឆ្នាំ២០១៩ មានចំនួន ៩៩លានដុល្លារ ចំណែកចំណូលក្នុងត្រីមាសទី១ ឆ្នាំ២០១៩ មានចំនួន ៥៥,៧២៩,៥៦១ដុល្លារ មានការធ្លាក់ចុះ ៩,៣% បើធៀបទៅនឹងឆមាសទី១ ឆ្នាំ២០១៨។
អត្ថបទដោយ៖ Nevin