We TV Cambodia

ត្រពាំងបុរាណចំនួន៨នៅស្រុកពួក នឹងស្ដារឡើងវិញដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

ត្រពាំងបុរាណចំនួន៨នៅស្រុកពួក នឹងស្ដារឡើងវិញដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង
រូបភាព៖ផេកកម្ពុជាពិត

ដោយ៖ស្រីពេជ្រ

សៀមរាប៖ ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។

ត្រពាំងបុរាណចំនួន៨កន្លែង ដែលនឹងធ្វើការស្ដារឡើងវិញ ត្រូវបាននាយកដ្ឋានជំនាញចុះវាយតម្លៃរួចហើយ និងយល់ថាគួរអនុញ្ញាតបាន ប៉ុន្តែការស្ដារនេះគួរជៀសវាងស្ដារយកទៅធ្វើអាជីវកម្ម ឬកេងចំណេញផលប្រយោជន៍ណាមួយ។

ត្រពាំងទាំង៨កន្លែងខាងលើ រួមមាន ១) ត្រពាំងកក់ ២) ត្រពាំងល្បើក ៣) ត្រពាំងវ៉េង ៤) ត្រពាំងតាស្នេហ៍ ៥) ត្រពាំងគក់ ៦) ត្រពាំងទ្រាស ៧) ត្រពាំងប្រនេត្រ និង៨ ត្រពាំងឈកស្នាយ។

ជាគោលការណ៍គឺអាជ្ញាធរជាតិអប្សរា តែងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននានាដែលមានបំណងស្ដារត្រពាំងបុរាណនានា ក្នុងបំណងរក្សាត្រពាំងឱ្យនៅគង់វង្សផង ជៀសវាងការយកទីតាំងនោះទៅប្រើប្រាស់អ្វីផ្សេង ឬចាក់ដីលុបតែម្ដងពេលវាកាន់តែរាក់។ បន្ថែមពីនេះ វាក៏ជាកិច្ចការងារថែរក្សា និងអភិរក្សនូវត្រពាំងបុរាណដែលនៅសេសសល់ ជៀសវាងមានជនខិលខូចលួចបន្លំយកធ្វើកម្មសិទ្ធិឯកជននៅពេលត្រពាំងបុរាណទាំងនេះមិនមានទឹក៕

Related Articles