
ដោយៈ ទិន សុខាវុធ
តំលៃផ្លែស្វាយខុសរដូវកែវរមៀតបានកើនឡើងនៅក្នុងឆ្នាំ ២០១៩ នេះ តែតំរូវការនៃផ្លែស្វាយនេះបានថយចុះ។
យោងតាមលោក អ៊ិន ឆៃវ៉ាន់ ប្រធានសមាគមស្វាយខេត្តកំពង់ស្ពឺ តំលៃជាមធ្យមនៃផ្លែស្វាយកែវរមៀតខុសរដូវនៅឆ្នាំនេះ បានកើនឡើងដល់ ៛១,០០០ រៀល ក្នុងមួយគីឡូក្រាម ចំណែកឯតំលៃខ្ពស់បំផុតវិញគឺ ៛១,៤០០ រៀលក្នុងមួយគីឡូក្រាម។
លោកប្រធានសមាគមបានបន្ថែមទៀតថា តំលៃផ្លែស្វាយប្រភេទនេះបាននិងកំពុងឡើងថ្លៃ ក៏ដោយសាររោងចក្រផ្លែស្វាយថ្មីៗជាច្រើនត្រូវបានបង្កើតឡើង និងបានទិញយកផ្លែស្វាយប្រភេទនេះ ទៅច្នៃធ្វើជាចំណីអាហារផ្សេងៗ មានដូចដំណាប់ស្វាយជាដើម។
ទាក់ទងនឹងផលិតផលផ្លែស្វាយ ក្រសួងកសិកម្មបានអោយដឹងថា នៅក្នុងរយពេល ១១ ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញផ្លែស្វាយប្រមាណ ៥០,០០០ តោនទៅកាន់ទីផ្សារនៅក្នុងប្រទេសមួយចំនួន មានដូចជាប្រទេស សិង្ហបុរី បារាំង និង រុស្សី។ ហើយក្នុងរយពេលមួយរដូវ កសិករកម្ពុជាអាចប្រមូលផលផ្លែស្វាយ បានប្រមាណជាជាង ១,២០០,០០០ តោន។
បើនិយាយពីរោងចក្រផ្លែស្វាយវិញ ក្រសួងកសិកម្មបានអោយដឹងថា យ៉ាងហោចណាស់ក៏មានរោងចក្រផលិតចំណីអាហារចេញពីផ្លែស្វាយចំនួន ៣ ទៀតដែរ ដែលនឹងត្រូវបើកអោយដំណើរការនៅក្នុងឆ្នាំ ២០២០ ខាងមុខនេះនេះ។ កត្តានេះនឹងធ្វើអោយតំរូវការផ្លែស្វាយក្នុងប្រទេស កាន់តែកើនឡើងថែមទៀត ដែលអាចធ្វើអោយតំលៃផ្លែស្វាយ ក៏កាន់តែកើនឡើងដែរ។
ក្រសួងបានអោយដឹងទៀតថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរោងចក្រផ្លែស្វាយចំនួន ៨ ហើយកំពុងតែដំណើរការផលិតចំណីអាហារធ្វើពីផ្លែស្វាយសំរាប់នាំចេញ។ ក៏ប៉ុន្តែ ការនាំចេញផលិតផលពីផ្លែស្វាយទាំងនោះ នៅមានកំរឹតទាបនៅឡើយ បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។
យោងតាមតួលេខរបស់ក្រសួង ដំណាំស្វាយត្រូវបានដាំនៅលើផ្ទៃដីប្រមាណជា ១០០,០០០ ហិកតា នៅទូទាំងប្រទេស។ មួយវិញទៀត នៅពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែរៀបចំនាំផ្លែស្វាយចេញទៅលក់នៅលើទីផ្សារនៃប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិន ដែលនឹងជាទីផ្សាយដ៏ធំពីរទៀតសំរាប់ផលិតផលផ្លែស្វាយកម្ពុជា៕
