We TV Cambodia

តំបន់សេដ្ឋកិច្ចពិសេសថ្មី PPSEZ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានដាក់អោយដំណើរការ

តំបន់សេដ្ឋកិច្ចពិសេសថ្មី PPSEZ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានដាក់អោយដំណើរការ

រូបថតៈ PP Special Economic Zone (PPSEZ)

ដោយៈ ទិន សុខាវុធ

តំបន់សេដ្ឋកិច្ច​ពិសេស​ថ្មីមួយ​ទៀត ស្ថិត​ក្នុងក្រុង​ ប៉ោយ ប៉ែត មានឈ្មោះថា PPSEZ ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​ កាល​ពី​ថ្ងៃ​ទី ៩ ខែ ធ្នូ ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព ឯកអគ្គរាជ​ទូត​ជប៉ុន Masahiro Mikami និង​ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​លើ​ទំព័រ Facebook របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទន្ទឹមនឹងការសម្ពោធ PPSEZ, រោងចក្រ​​ផលិត​គ្រឿងអេឡិចត្រូនិក Sumitronics Manufacturing (Cambodia) Co Ltd ដែលជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុនយក្ស​ Sumitronics Corporation នៅ​ប្រទេស​ជប៉ុន ក៏​ត្រូវ​បាន​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ផងដែរ​។

មួយវិញទៀត នៅ​ក្នុង​ពិធី​បើកសម្ពោធរោង​ចក្រគ្រឿង​អេឡិចត្រូនិក​របស់​ជប៉ុននោះ
ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា
ការសំរេចចិត្ត​បោះ​ទុន​វិនិយោគ​នៅ​កម្ពុជា​របស់​ក្រុមហ៊ុន​យក្ស​របស់​ប្រទេស​ជប៉ុន​មួយ​នេះ
សបញ្ជាក់​អោយ​ឃើញ​ថា វិស័យ​ឯកជន​ជប៉ុន​ពិត​ជា​មាន​ការទុក​ចិត្ត​ទាំង​ស្រុង​ ចំពោះ​អនាគតរបស់​កម្ពុជា​។
ជាលទ្ធផល ក្រុមហ៊ុននេះ​នឹងចូល​រួម​ចំណែកក្នុងការអភិវឌ្ឍវិស័យ​ឧស្សាហកម្មនៅ​កម្ពុជា​។

«តាមរយៈការបណ្តាក់ទុន​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស
និង​រោង​ចក្រ​ផលិត​សម្ភារៈ​បរិក្ខា​អេឡិចត្រូនិក ការវិនិយោគ​នេះ​នឹង​ចូល​រួមចំណែក​​ដល់​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម
ក៏​ដូច​ជា​ការបង្កើត​ការងារ​នៅ​នឹង​កន្លែង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​» នេះ​ជា​សំណេរនៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​
CDC ។

CDC
បានបន្ថែ​មទៀត​ថា នៅក្នុង​ឱកាស​នោះ លោកទូត​ជប៉ុន​បាន​គូស​បញ្ជាក់​ថា
រោង​ចក្រអេឡិចត្រូនិកថ្មីរបស់​ប្រទេស​ជប៉ុននេះ គឺជា​ផ្នែកមួយ​នៃការអនុវត្តយុទ្ធសាស្ត្រ
«ថៃ+១» របស់​ក្រុមហ៊ុនជប៉ុន​។

យុទ្ធសាស្ត្រ​ «ថៃ+១»
ជា​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ជំនួញ ដែលតាម​រយៈ​យុទ្ធសាស្ត្រ​នេះ
បណ្តាក្រុមហ៊ុនជប៉ុន​ទាំងឡាយ ខិតខំ​ធ្វើ​យ៉ាង​ណា​ពង្រីក​មុខ​ជំនួញ​របស់​ពួក​គេ​ក្នុង​ប្រទេស​ថៃ
អោយ​រីករាលដាលដល់ប្រទេស កម្ពុជា ឡាវ និង មីយ៉ាន់ម៉ា​ ថែម​ទៀត​។

យ៉ាងណាម៉ិញ តំបន់សេដ្ឋកិច្ចពិសេស PPSEZ គ្រប​ដណ្តប់នៅលើផ្ទៃដីប្រមាណ ៦៥.៧ ហិកតា និងមាន​គោលដៅ​សំរាប់​អោយ​ក្រុមហ៊ុន​ផ្សេង​ៗ​ មក​​បង្កើតរោងចក្រ​ផលិត​ ​​គ្រឿងបំលាស់​រថយន្ត គ្រឿង​អេឡិច​ត្រូនិក និង​ រោងចក្រកាត់ដេរ​ ជា​ដើម​នៅ​ទី​នោះ​​។

យោង​​តាម​ CDC រហូត​មក​ដល់​ពេលបច្ចុប្បន្ននេះ នៅ​​ក្នុង​ប្រទេស​កម្ពុជា
តំបន់​សេដ្ឋកិច្ចពិសេស​ចំនួន ២៣ ត្រូ​វ​បានបង្កើតឡើង ដែល​នៅ​ក្នុង​នោះ
រោងចក្រ​ចំនួន ៤៩០ ក៏​ត្រូវ​បាន​សង់​ឡើង ដែល​អាច​បង្កើត​ការងារ​ចំនួន ១៣០,០០០ កន្លែង​សំរាប់​ប្រជាពលរដ្ឋ​ខ្មែរ​។

ដោយឡែក នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​តែ​មួយ តំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ត្រូវ​បានបង្កើតឡើង ដែលនៅ​ក្នុង​នោះ​ រោង​ចក្រ​ចំនួន ១៧ ក៏​ត្រូវ​បាន​សង់​ឡើង និង​ដែល​អាច​បង្កើតការងារ​បានរហូត​ដល់​ទៅ ៧,៥០០ កន្លែង​។ មួយវិញទៀត នៅ​ក្នុង​ចំណោម​រោងចក្រចំនួន ១៧ នោះ មាន​​រោងចក្រចំំនួន ៨ ជា​រោងចក្រ​របស់​ក្រុមហ៊ុនជប៉ុន​៕

េូបថតៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)

Related Articles