
ដោយៈ ទិន សុខាវុធ
យោងតាមសេចក្តីប្រកាស់ព័ត៌មាន របស់ក្រសួងរ៉ែនិងថាមពល ចុះផ្សាយកាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ តំបន់រុករករ៉ែចំនួន ៤ ទីតាំងនៅក្នុងប្រទេសកម្ពុជា នឹងត្រូវដាក់អោយក្រុមហ៊ុននានាដេញថ្លៃធ្វើអាជីវកម្មរុករករ៉ែ។
ក្រសួងបានបន្ថែមទៀតថា តំបន់រ៉ែទាំងនោះស្ថិតនៅក្នុងទឹកដីនៃខេត្ត
ស្ទឹងត្រែង បាត់ដំបង ក្រចេះ និង កំពង់ធំ ដែលមានផ្ទៃដីសរុបទាំងអស់ចំនួន ២១៦,៧៧
គីឡូម៉ែតក្រឡា។
តំបន់រុករករ៉ែទាំងនោះមាន៖ ១) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤៩,២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ២) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៣២ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ៣) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤១,៥៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង និង៤) តំបន់សម្បទានស្វែករុករករ៉ែទំហំ ៩៣,៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
អាស្រ័យហេតុនេះ ក្រសួងបានអំពាវនាវ អោយបណ្តាក្រុមហ៊ុននានា ធ្វើការដាក់ពាក្យស្នើសុំចូលរួមដេញថ្លៃយកអាជ្ញាបណ្ណរុករករ៉ែ នៅត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២០ ៕
