We TV Cambodia

តំបន់ធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

តំបន់ធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

ដោយ៖ពេជ្រ

បាត់ដំបង៖ តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំងពីរ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត ខណៈដែលតំបន់នេះរាជរដ្ឋាភិបាលបានសម្រេចបង្កើតទៅជាតំបន់បេតិកភណ្ឌធម្មជាតិ។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា ភ្នំប្រាំពីរនេះ គឺជារមណីយដ្ឋានធម្មជាតិដែលមានល្អាងភ្នំជាង១០០ ហើយសណ្ឋាននៃល្អាងមានភាពស្រស់ស្អាត និងទាក់ទាញ ដោយមានថ្មធម្មជាតិមានរូបរាង ដូចជាសត្វ រុក្ខជាតិប្លែកៗគួរឲ្យចង់គយគន់ មិនតែប៉ុណ្ណោះភ្ញៀវទេសចរក៏អាចមើលឃើញនូវព្រៃធម្មជាតិ ព្រមទាំងសត្វកម្រជាច្រើនប្រភេទនៅទីនោះ។

លោកបន្តថា ភ្នំប្រាំពីរ មានទម្រង់ស្រដៀងនឹងល្អាងឋានសួគ៌ដែលស្ថិតនៅក្នុងក្រុងហាឡុងប៊េ ប្រទេសវៀតណាម ដែលជាតំបន់បេតិកភណ្ឌពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ឲ្យមកចូលទស្សនា ហេតុដូចនេះ ភ្នំប្រាំងពីរនៅខេត្តបាត់ដំបងនឹងអាចទាក់ទាញ់ភ្ញៀវទេសចរកាន់តែច្រើនបន្ថែមទៀត។

លោកបន្ថែមទៀតថា មន្ទីរនិងអាជ្ញាធរពាក់ព័ន្ធនឹង បានចុះណែនាំ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើយ៉ាងណាត្រូវកែលម្អសេវាកម្មទេសចរណ៍ ឲ្យកាន់តែប្រសើរជាងពេលកន្លងទៅ ដើម្បីទាក់ទាញពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលទស្សនាកម្សាន្តឲ្យបានគ្រប់រដូវកាល ដែលអាចជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅតំបន់នោះ ឲ្យកាន់តែមានជីវភាពកាន់តែល្អប្រសើរ។
សូមបញ្ចាប់ថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចដាក់ភ្នំប្រាំងពីរ ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលមានផ្ទៃដីប្រមាណជាង៣៥៣ហិកតា ស្ថិតនៅក្នុងឃុំសំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទៅជាតំបន់បេតិកភណ្ឌធម្មជាតិ ដើម្បីការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត។ ដោយបច្នុប្បន្ននេះ ភ្នំប្រាំងពីរ សិ្ថតនៅក្រោមការគ្រប់គ្រង់របស់មន្ទីរបរិស្ថានខេត្តបាត់ដំបង៕

ប្រភព៖ក្រសួងព័ត៌មាន

Related Articles