We TV Cambodia

តំបន់ទេសចរបឹងពារាំង កំពុងតែបង្អួតសម្រស់អូសទាញភ្ញៀវទេសចរណ៍ក្នុងទឹកដីខេត្ដសៀមរាប

តំបន់ទេសចរបឹងពារាំង កំពុងតែបង្អួតសម្រស់អូសទាញភ្ញៀវទេសចរណ៍ក្នុងទឹកដីខេត្ដសៀមរាប

បើអ្នកធ្វើដំណើរកម្សាន្ដទៅកាន់ខេត្ដ សៀមរាប អ្នកគួរតែនឹកឃើញ ដល់តំបន់ អេកូទេសចរណ៍សហគមន៍មួយកន្លែង ដែលស្ថិតនៅប៉ប្រះទឹកបឹងទន្លេសាប តំបន់ជាយក្រុងសៀមរាប នោះគឺសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំងដែលមាន ចម្ងាយពីប្រជុំជនក្រុងប្រមាណ១៣គីឡូម៉ែត្រ អមដោយស្រែស្រូវ​ចម្ការដំណាំរបស់ប្រជាកសិករ​បៃតងស្រស់ខ្ចី។ បឹងពារាំង គឺជាតំបន់អកូទេសចរណ៍​សហគមន៍ ដែលជុំព័ទ្ធទៅដោយ ព្រៃរាំងទឹក បប៊ួយ អញ្ចាញ កំផ្នេង ត្អួ និងពពួកព្រៃរនាមជាច្រើនប្រភេទទៀត។ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំងនេះ មានវិសាលភាពលើផ្ទៃដីប្រមាណ​២៥០ហិកតា ពាសពេញទៅដល់ទឹកបឹង ដៃបឹង កោះតូចធំ ព្រៃរនាម ស្រែស្រូវ មច្ឆាជាតិ និងពពួកសត្វស្លាបទឹកជាងរយប្រភេទ។

មានសត្វស្លាបជាច្រើនដូចជា ទុង រនាល ក្រសារ ត្រដក់ ក្អែកទឹក ស្មោញ កុក ចង្កៀលខ្យង ក្រៀល ជើងទៀនជាដើមដែលតែងតែបង្ហាញខ្លួននៅទីនោះ ជារៀងរាល់ថ្ងៃ ចាប់តាំងពីព្រឹកព្រលឹម លុះដល់ពេលល្ងាចពពួកសត្វស្លាបទាំងនោះបានហោះហើរត្រលប់មកជម្រករៀងខ្លួនវិញ ហើយផ្ដុំគ្នានៅទីដដែលនេះមុនត្រាច់ចរចូលសំបុក រំលេចបានជាទិដ្ឋភាពសហគមន៍សត្វស្លាបមួយ ដែលកំពុងរស់នៅយ៉ាងសុខក្សេមក្សាន្តគ្មានជម្លោះទាស់ទែងគ្នានោះឡើយ។

ប្រសិនបើគេជិះកាណូតចេញទៅឆ្ងាយពីទីកំពង់បន្ដិច គេនឹងបានឃើញពពួកព្រៃរនាមហាក់កំពុងប្រជ្រៀតគ្នាដុះលើដីកោះដែលខណ្ឌចែកដោយដៃបឹង ប៉ុន្តែវារីរុក្ខជាតិ ដូចជា កំប្លោក ត្រកួន កំពីងពួយ ព្រលិត រំចង់ ភ្លៅកង្កែបវិញនោះ ហាក់មិនចង់រស់នៅក្បែររុក្ខជាតិធំៗជាងខ្លួននោះឡើយ ដោយពួកវាបានប្រមូលផៅសណ្ដានទៅដុះពពាក់ពពូនលើគ្នានៅកណ្ដាលបឹង ឬផ្នែកផ្សេងៗនៃទឹកបឹងទៅវិញ ដែលនេះក៏ជាជម្រកដ៏គាប់ប្រសើរមួយសម្រាប់ពពួកត្រី ក្ដាម ខ្យល កង្កែប អណ្ដើក និងមច្ឆាជាតិដទៃទៀតឱ្យរស់នៅក្រោមភាពត្រជាក់ត្រជុំក្នុងទឹក មិនភ័យខ្លាចត្រូវកម្ដៅថ្ងៃ គេចផុតពីពពួកមំសាសីនានាផងដែរ។

នៅប៉ប្រះទឹករាក់ៗ សត្វជើងទៀនតូចៗច្រឡឹងកំពុងហក់ចុះឡើងៗឆ្មក់ចឹកចាប់កូនត្រីយ៉ាងមមាញឹក។ ទិដ្ឋភាពបែបនេះ ប្រសិនបើមិត្តនារីៗបានឃើញហើយនោះ ប្រាកដជាលាន់មាត់ថាគួរឱ្យស្រលាញ់ជាក់ជាមិនខាន រីឯកុកសម្បុរសៗធ្វើកង៉ិកង៉ក់ដូចជាកំពុងសម្លឹងមើលចាំចាប់ចំណី មើលទៅមាឌគឺធំធាត់ល្អដល់ហើយ។ មិនត្រឹមតែនៅលើទឹកនិងដីប៉ុណ្ណោះទេ នៅលើអាកាសក៏ឃើញមានពពួកសត្វស្លាបធំៗច្រើនមិនដឹងលើកគ្នាហោះហើរទៅណាខ្លះទេ ក្នុងនោះហ្វូងក្អែកទឹកសម្បុរខ្មៅៗក៏កំពុងបង្រៀនកូនៗឱ្យចេះហើរឆក់ឆាបចាប់ត្រីចុះឡើងៗផងដែរ។

ទិដ្ឋភាពល្អៗសប្បាយៗនៅសហគមន៍បឹងពារាំងនេះ មិនមែនអស់ត្រឹមការរាយរាប់តែបន្តិចបន្តួចប៉ុណ្ណេះនោះទេ គឺមានច្រើនអនេកជាងនេះទៅទៀតដែលភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋគួរតែអញ្ជើញមកទស្សនា ដើម្បីឱ្យស្គាល់ថាជីវភាពរស់នៅរបស់ពពួលសត្វស្លាប រួមផ្សំនឹងទេសភាព ទិដ្ឋភាពនៅទីនោះ ដូចគ្នា ឬខុសគ្នាយ៉ាងណាខ្លះទៅនឹងអ្វីដែលលោកអ្នកធ្លាប់ជួប។

ទស្សនាកម្រងរូបភាពខាងក្រោម៖​

ដោយ៖ Stince

ប្រភព៖ ក្រសួងទេសចរណ៍

Related Articles