We TV Cambodia

តំបន់ទេសចរណ៍ជនបទទទួលការអភិវឌ្ឍន៍ ខណៈពលរដ្ឋកំពុងមានការពេញនិយម

តំបន់ទេសចរណ៍ជនបទទទួលការអភិវឌ្ឍន៍ ខណៈពលរដ្ឋកំពុងមានការពេញនិយម

ក្រសួងទេសចរណ៍កំពុងជម្រុញឲ្យតំបន់ទេសចរណ៍ជនបទបន្តការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ខណៈបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើនកំពុងមានការពេញនិយមទៅកំសាន្តតំបន់ទេសចរណ៍ប្រភេទនេះ។

លោក ឃឹម ហ្វីណង់ និងគ្រួសារកំសាន្តក្នុងរមណីយដ្ឋានកែច្នៃក្នុងស្រុកបន្ទាយស្រី

ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍រួមគ្នា អភិវឌ្ឍវិស័យទេសចរណ៍ដោយផ្សារភ្ជាប់ជាមួយទេសចរណ៍ជនបទ កសិទេសចរណ៍ និងសហគមន៍ទេសចរណ៍វិញ ព្រោះថាបច្ចុប្បន្នភ្ញៀវទេសចរណ៍ក្នុងស្រុកបានងាកមកដើរកំសាន្តតាមតំបន់ជនបទ សហគមន៍ទេសចរណ៍ តំបន់អេកូ-ទេសចរណ៍ និងតំបន់ធម្មជាតិនានាកាន់តែច្រើនឡើង។

ខ្នងផ្សារ (ប្រភព៖ ធម្មជាតិស្រុកស្រែ)

មិនតែប៉ុណ្ណោះ ការអភិវឌ្ឍន៍វិស័យទេសចរណ៍ជនបទក៏បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំណាកស្រុក តាមរយៈការបង្កើតការងារ ការអភិរក្ស និងលើកកម្ពស់វប្បធម៌ បេតិកភណ្ឌ និងទំនៀមទម្លាប់ ប្រពៃណី ការការពារ និងថែរក្សាធនធានធម្មជាតិ ព្រមទាំងនាំមកនូវនវានុវត្តន៍ និងគំនិតច្នៃប្រឌិតដល់ប្រជាពលរដ្ឋមូលដ្ឋាន។

រមណីយដ្ឋានព្រែកអំបិលខេត្តកំពត (ប្រភព៖ Google)

សូមរំលឹកថា ត្បិតស្ថានភាពបច្ចុប្បន្នស្ថិតក្នុងវិបត្តិកូវីដ១៩ ហើយភ្ញៀវទេសចរណ៍បរទេសមានការធ្លាក់ចុះយ៉ាងច្រើនក្ដី ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកមានការកើនឡើងយ៉ាងច្រើន ដោយកាលពីថ្ងៃឈប់សម្រាកសងចូលឆ្នាំចំនួនភ្ញៀវទេសចរណ៍ក្នុងស្រុកចេញដើរកំសាន្តមានរហូតដល់ជាង ១,៤លាននាក់ឯណោះ។ ចំណែកកាលពីកំឡុងថ្ងៃភ្ជុំបិណ្ឌវិញ ភ្ញៀវទេសចរណ៍ក្នុងស្រុកចេញដើរកំសាន្តមានចំនួន ១,២លាននាក់នៅទូទាំងប្រទេស។

អត្ថបទដោយ៖ Nevin

Related Articles