We TV Cambodia

តោះ! មកដឹងពីប្រយោជន៍នៃការញុំាំតែបៃតងចំពោះសុខភាព

តោះ! មកដឹងពីប្រយោជន៍នៃការញុំាំតែបៃតងចំពោះសុខភាព
រូបភាព៖ Google

ដោយ៖ ហួ​ ឆេងស៊ីម

ពលរដ្ឋមួយចំនួនប្រាកដ​​ជា​ដឹង​ខ្លះ​​ៗពី​​​ប្រយោជន៍​​ជា​ច្រើន​នៃ​តែ​បៃតង ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​​ លទ្ធផល​ស្រាវជ្រាវ​​ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​​វេជ្ជសាស្រ្ត​ប៉េកាំង​ប្រទេស​ចិន បាន​បង្ហាញ​​ពី​គុណ​ប្រយោជន៍​​មួយ​ចំនួន​ នៃ​ការ​ញ៉ាំ​តែ​បៃ​តង ប្រមាណ​៣​ដង​​ក្នុង​១​សប្តាហ៍​ ឬច្រើនជាងនេះ។

វិទ្យាស្ថាន​ខាង​លើ​បាន​​​សិក្សា​លើ​ប្រជាពលរដ្ឋ​ចិន​ប្រមាណ​ ជិត​១​សែន​នាក់​ ក្នុង​រយៈ​ពេល​៧​ឆ្នាំ ដោយ​​តាម​ដាន​​លើ​ទម្លាប់​ញ៉ាំ​តែ​ជា​ប្រចាំ​​​របស់​អ្នកទាំងនោះ​។ ជា​លទ្ធផល​បាន​ឃើញ​ថា អ្នក​ដែល​ឧស្សាហ៍​ញ៉ាំ​តែ​បៃតង ជា​មធ្យម​៣​ដងក្នុង១​សប្តាហ៍ ឬ​ច្រើន​ជាង​នេះ​ គឺ​មាន​អាយុ​វែង​​ប្រហែល​១,៤​ឆ្នាំ ច្រើន​ជាង​​​ អ្នក​មិន​​ដែល​ញ៉ាំ។

រីឯការ​សិក្សាក៏​បាន​រក​ឃើញ​ដែរ​ថា ក្នុង​តែ​បៃតង​មានផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដ​កម្ម​ ដែល​ជួយ​កាត់បន្ថយ​​ហានិភ័យ​ជំងឺ​បេះ​ដូង និង​ជំងឺ​ដាច់​សរសៃ​ឈាម​ ប្រមាណ​២៥​%។ តែ​ទោះ​យ៉ាង​ណា អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​ពី​ប្រសិទ្ធភាព​នោះ​ពី​តែ​បៃតង​ប៉ុណ្ណោះ ពោល​គឺ​នៅ​ក្នុង​​​​ការ​សិក្សា​ពី​ប្រជាពលរដ្ឋ​ខាង​លើ មាន​៨%​ បាន​ញ៉ាំ​​ប្រភេទ​តែ​ខ្មៅ តែ​ពុំ​ឃើញ​មាន​ពី​ប្រសិទ្ធភាព​ដូច​តែ​បៃតង​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត Xinyan Wang អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​បាន​បន្ថែម​ថា នៅ​ក្នុង​តែ​បៃតង​ មាន​សមាស​ធាតុ​គីមី​ប្រមាណ​៥០០​ប្រភេទ ក្នុង​នោះ​មាន​​សារធាតុ​ល្អ​ជា​ច្រើន​ដូច​ជា​ Polyphenols ដែល​ជួយ​​ជួស​ជុល​កោសិកា​ គ្រប់​គ្រង​ជាតិ​ស្ករ​ក្នុង​រាង​កាយ ព្រម​ទាំង​​មាន​សារធាតុ​ Epigallocatechin Gallate (EGCG) ជួយ​​អភិវឌ្ឍ​កោសិកា​ប្រសាទ ជួយ​មុខងារ​វិនិច្ឆ័យ​របស់​ខួរ​ក្បាល និង​បង្កើន​ស្មារតី​​ផង​ដែរ។

ទន្ទឹមនឹងនេះផងដែរ វេជ្ជបណ្ឌិត​ជន​ជាតិ​ចិនខាង​លើ​បាន​បញ្ជាក់​ថា«តែ​បៃតង​ពិត​ជា​ផ្តល់​អត្ថប្រយោជន៍​ទាំង​នោះ​មែន ប៉ុន្តែ​ពុំ​មែន​មាន​ន័យ​ថា ទម្លាប់​រស់​នៅ​មិន​ល្អ​សម្រាប់​សុខភាព ហើយ​អាច​​រំពឹង​ពី​គុណ​ប្រយោជន៍​ពី​តែ​បៃតង​មក​ទូ​ទាត់​សង​គ្នា​នោះ​ទេ៕»

ប្រភព៖ Helloគ្រូពេទ្យ

Related Articles