ដោយ៖ ហួ ឆេងស៊ីម
មនុស្សគ្រប់រូបតែងតែចង់បានរាងស្អាត តែបើមានតែការប៉ងប្រាថ្នាហើយមិនមានការអនុវត្តនោះ វាក៏មិនងាយសម្រេចបាននោះដែរ។ ជំហានដំបូង មុននឹងឈានដល់ការសម្រកទម្ងន់ ឬការរក្សារាងបានល្អ នោះអ្នកត្រូវមានរបបអាហារមួយត្រឹមត្រូវ និងជាពិសេសអាចជួយដល់ការរំលាយអាហារទើបធ្វើឱ្យវាមានប្រសិទ្ធភាពពិតប្រាកដ។ ការទទួលទាននូវរបបអាហារដែលត្រឹមត្រូវ គឺអាចជួយឲ្យរាងកាយរបស់អ្នកមិនងាយឡើងទម្ងន់ ថែមទាំងអាចសម្រកទម្ងន់បានទៀតផង។ របបអាហារត្រឹមត្រូវទាំងនោះអាចរួមមាន៖
១. បន្លែពណ៌បៃតង៖ ពពួកបន្លែបៃតងគឺមានផ្ទុកជាតិដែកច្រើន ហើយវាមានតួនាទីជួយពន្លឿនល្បឿននៃការរំលាយអាហាររបស់រាងកាយ។ មិនថែមតែប៉ុណ្ណោះ វាជួយសម្រួលបញ្ហាទល់លាមក និង ជួយឱ្យរាងកាយរក្សាទម្ងន់បានយ៉ាងល្អ។
២. ពងមាន់៖ ពងមាន់គឺពោរពេញទៅដោយជាតិប្រូតេអ៊ីន ដែលប្រតេអ៊ីននេះហើយជួយជម្រុញល្បឿននៃការរំលាយអាហាររបស់អ្នក ជាពិសេសគឺពងមាន់ស្ងោរ។ ការបរិភោគនូវពងមាន់ស្ងោរ១ថ្ងៃ ២គ្រាប់ ជួយផ្តល់នូវថាមពល ជួយជំនួយដល់ខួរក្បាល និង ការចងចាំ ព្រមទាំងជួយការពារអ្នកពីជំងឺវង្វេងវង្វាន់ទៀតផង។
៣. ផ្កាខាត់ណាខៀវ (Broccoli)៖ ផ្កាខាត់ណាខៀវត្រូវបានមនុស្សទូទៅទទួលស្គាល់ពីអត្ថប្រយោជន៍របស់វា។ វាជួយកាត់បន្ថយនូវជាតិខ្លាញ់ក្នុងឈាម និង ជួយសម្រួលដល់ការបន្ទោរបង់ព្រោះសម្បូរទៅដោយជាតិកាកសរសៃ។
៤. ខ្ញី៖ មើមខ្ញីក៏មានអត្ថប្រយោជន៏ដល់ការរំលាយអាហារ និង ជួយកាត់បន្ថយការឃ្លានបានរយៈពេលយូរ ។ ដូច្នេះ សម្រាប់អ្នកដែលមានបំណងចង់រក្សារាង ឬ សម្រកទម្ងន់ អាចបរិភោគខ្ញីជាភេសជ្ជៈ ឬ ក្នុងម្ហូបអាហារ។
៥. តែបៃតង៖ គេតែងផឹកតែបៃតងកំឡុងពេលហាត់ប្រាណ ព្រោះវាជួយជម្រុញការដុតរំលាយជាតិខ្លាញ់បានយ៉ាងល្អ។ បន្ថែមពីនេះ វាក៏ជួយតាមដាននូវជាតិខ្លាញ់ក្នុងសរសៃឈាម និង ក្បាលពោះផងដែរ ដែលមានសារៈសំខាន់សម្រាប់អ្នកដែលចង់សម្រកទម្ងន់ជាដើម។
ម្យ៉ាងវិញទៀត ក្រៅពីអាហារដែលបានរៀបរាប់ខាងលើ អ្នកក៏អាចជម្រុញការរំលាយអាហារតាមរយៈការពិសារទឹកឱ្យបានច្រើន ជាពិសេស គួរផឹកទឹកឱ្យបាន២កែវ មុនចូលគេង។ ពេលអ្នកអាចផ្លាស់ប្តូររបបអាហាររបស់អ្នកបាន រាងកាយរបស់អ្នកអាចទម្លាប់នឹងរបបអាហារថ្មីនោះម្តងបន្តិចៗដូចគ្នា ហើយបម្រែសម្រួលនៃរាងកាយប្រាកដជាកើតមានឡើងចំពោះអ្នក៕
